(ភ្នំពេញ)៖ កម្ពុជាបានស្នើទៅកាន់ទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ជួយគាំទ្រការបង្កើតប្រព័ន្ធសិក្សាពីចម្ងាយ (TVET-APP) ទាំងផ្នែកបច្ចេកទេស និងថវិកា ខណៈរដ្ឋាភិបាលស្វីសបានទម្លាក់កញ្ចប់ថវិកា ៧ លានហ្វ្រង់ស្វីស ឬស្មើនឹងជាង ៧.៤ លានដុល្លារអាមេរិក សម្រាប់ស្តារវិស័យវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា និងឡាវ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩។
សំណើនេះត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG-TVET) ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងលោកស្រី ខារិន សាឡឺណូ (Carin Salerno) នាយកទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស ហើយក៏ជាអនុប្រធាននៃក្រុមការងារខាងលើ ព្រមទាំងមានអ្នកចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀតមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួន ២៖
* ទី១៖ ផលប៉ះពាល់ និងការឆ្លើយតបនៃជំងឺកូវីដ-១៩ ទៅលើប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
* ទី២៖ វឌ្ឍនភាពនៃសិក្សាបឋមលើការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
លោក អ៉ិត សំហេង បានស្នើសុំដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ជាពិសេសស្នើទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស ជួយបន្តគាំទ្រនៅពេលដែលដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងផ្នែកបច្ចេកទេស និងថវិកា រហូតដល់ច្បាប់នេះអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ។
ទន្ទឹមនឹងនោះ «លោក អ៉ិត សំហេង បានស្នើទៅកាន់ទីភ្នាក់ងារ SDC របស់ស្វីសជួយគាំទ្រការបង្កើតប្រព័ន្ធសិក្សាពីចម្ងាយ (TVET-APP) ទាំងផ្នែកបច្ចេកទេស និងថវិកា»។
លោកស្រី Carin Salerno បានលើកឡើងថា បញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ បានប៉ះពាល់ដល់វិស័យជាច្រើន ទាំងវិស័យទេសចរណ៍ វិស័យអប់រំ និងបណ្តុះបណ្តាល និងវិស័យផ្សេងៗជាច្រើនទៀត។
លោកស្រីបានលើកឡើងថា «រដ្ឋាភិបាលស្វីសបានផ្តល់កញ្ចប់ថវិកា ៧ លានហ្វ្រង់ស្វីស ស្មើនឹងប្រមាណ ៧,៤២១,៧២២ លានដុល្លារអាមេរិក ដើម្បីស្តារចំពោះការប៉ះពាល់ដោយកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ។ យើងមានថវិកាបន្ថែមចំពោះវិស័យ TVET ហើយបានទទួលសំណើជាច្រើនពីរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការគាំទ្រចំពោះវិស័យនេះ»។
ដើម្បីសម្រេចបាននូវធនធានមនុស្ស ឬកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធិភាព ឆ្លើយតបនឹងតម្រូវការទីផ្សាការងារ ជាពិសេសគាំទ្រដល់គោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ស្របតាមបដិវដ្ដឧស្សាហកម្ម ៤.០ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានផ្តល់ជាអនុសាសន៍ដល់កិច្ចប្រជុំនេះ រួមមាន៖
១៖ បន្តពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។
២៖ បន្តពង្រីកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមតាមកម្មវិធីសិក្សាពីចម្ងាញ ឬអនឡាញ។
៣៖ បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងដៃគូនានា ដើម្បីធានានិរន្តរភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
៤៖ បន្តលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
៥៖ បន្តជំរុញការស្រាវជ្រាវ និងនវានុវត្តបច្ចេកវិទ្យាអនុវត្តលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៕