(ភ្នំពេញ)៖ ព្រលានយន្ដហោះថ្មី នៅតំបន់តារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ដំណើរការសាងសង់សម្រេចបានប្រមាណជាង៥០ភាគរយ ហើយបើតាមការគ្រោងទុក អាចនឹងបញ្ចប់ជាស្ថាពរនៅអំឡុងចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។ នេះបើតាមការឲ្យដឹងពី លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកោះកុង ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកស្រី មិថុនា ភូថង បានច្រានចោលការលើកឡើងថា ព្រលានយន្ដហោះនេះបម្រើឲ្យវិស័យយោធា ដោយលោកស្រីអះអាងថា ព្រលានយន្ដហោះថ្មីនេះ មានគោលដៅបម្រើឲ្យវិស័យទេសចរណ៍ និងមុខជំនួញ។
អភិបាលខេត្តកោះកុង បានថ្លែងយ៉ាងដូច្នេះថា «ចំពោះព័ត៌មានដែលថា ព្រលានយន្ដហោះនេះបម្រើឲ្យវិស័យយោធានោះ ខ្ញុំសូមបញ្ជាក់ថា មិនពិតនោះទេ ព្រោះតំបន់នោះគឺបង្កើតឡើងដើម្បីវិស្សមកាលទេសចរណ៍។ តំបន់នេះរៀបចំដើម្បីបម្រើវិស័យទេសចរណ៍ ពាណិជ្ជកម្ម ដឹកជញ្ជូន ឧស្សាហកម្មជាដើម។ ហើយសម្រាប់ការកសាងនេះទៀតសោត ប្រសិនបើមិនប៉ះពាល់ដោយសារកូវីដគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២០ ប៉ុន្ដែឥលូវអាចគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១»។
គួរជម្រាបថា អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុនចិន Union Development Group ដែលនឹងបញ្ចប់ដំណាក់កាលទី១ នៅខែធ្នូ ឆ្នាំ២០២០ វិនិយោគទឹកប្រាក់១៥០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រដល់វិស័យទេសចរណ៍។
ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត ក៏បានបញ្ជាក់អំពីគម្រោងព្រលានយន្ដនៅស្រុកកោះកុង ក្បែរទីរួមខេត្តផងដែរ ដោយនៅពេលបច្ចុប្បន្ន ទីតាំងដែលគ្រោងសាងសងព្រលានយន្ដហោះថ្មីនេះ ត្រូវបានផ្លាស់ប្ដូរ ដោយសារតែគៀកជាមួយទីរួមខេត្តខ្លាំង អាចមានផលប៉ះពាល់ច្រើន។ ខណៈទីតាំងថ្មី លោកស្រីមិនទាន់បញ្ជាក់នៅឡើយទេ ព្រោះក្រុមការងារបច្ចេកទេសកំពុងសិក្សា។
យ៉ាងណាមិញ គេសង្ឃឹមថា នៅពេលព្រលានយន្ដហោះទាំងពីរនេះសាងសង់រួចជាស្ថាពរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងបន្ថែមទៀតផងដែរ តាមរយៈការបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍ជាដើម។
តាមតួលេខបង្ហាញថា នៅក្នុងឆ្នាំ២០១៩កន្លងទៅ ខេត្តកោះកុងទទួលបានភ្ញៀវសរុបចំនួន ៣២៨,៦៦២នាក់ ដោយពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងជាមធ្យមពី១៥% ទៅ២៥% បើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក៕