(កំពង់ស្ពឺ)៖ ប្រភេទកូនឈើប្រណីតៗជិត១ពាន់ដើម ត្រូវបានដាំនៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាឧទ្យានជាតិព្រះសុរាម្រិតកុសមៈគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោកបណ្ឌិត ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ អ្នកឧកញ៉ាធម្មបណ្ឌិតមហាឧបាសិកា ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លោកស្រី ហ៊ុន ស៉ីណាត និងប្រជាពុទ្ធបរិស័ទ្ទជិតឆ្ងាយជាច្រើននាក់។

លោកបណ្ឌិត ម៉ុក ម៉ារ៉េត បានលើកឡើងថា ចលនានៃការដាំដើមឈើនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ នៅក្នុងបរិវេណមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ ក្រោមគំនិតផ្តួចផ្តើមរបស់ អ្នកឧកញ៉ាធម្មបណ្ឌិតមហាឧបាសិកា ញឹក ប៊ុនថា ដែលបានប្រែក្លាយទីតាំងនេះ មានព្រៃឈើស្រាប់ និងចលនាដាំបន្តឲ្យកាន់តែមានបរិស្ថានធម្មជាតិល្អស្រស់បំព្រង នឹងជាគម្រូរដ៏ល្អ ដល់ទីតាំងដទៃទៀត ក្នុងការដាំដើមឈើបន្ថែម ជាពិសេសតាមទីសាធារណៈផ្សេងៗ ទីកន្លែងដែលមានដីទំនេរសមរម្យ និងតាមផ្ទះសំបែងជាដើម។

អ្នកឧកញ៉ាធម្មបណ្ឌិតមហាឧបាសិកា ញឹក ប៊ុនថា បានឲ្យដឹងថា ការដាំកូនឈើក្នុងពេលនេះ ដើម្បីអបអរសាទរព្រះរាជពិធីរុក្ខទិវា នៅខែកក្តដាខាងមុខ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាការពារអភិរក្សព្រៃឈើឲ្យបានឋិតឋេគង់វង្សយូរអង្វែង ជាពិសេសនោះចង់បង្ហាញឲ្យកូនខ្មែរទាំងអស់ បានឃើញបានស្គាល់នូវប្រភេទឈើកម្ររផ្សេងៗ ព្រមទាំងបំផុសស្មារតីឲ្យស្រលាញ់ការពារបរិស្ថានធម្មជាតិផងដែរ។

អ្នកឧកញ៉ាធម្មបណ្ឌិត ក៏បានលើកឡើងពីដំណើរការណ៌ នៃការសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលបច្ចុប្បន្នកំពុងនឹងដំណើរការសាងសង់ បើទោះបីជាមានបញ្ហាជំងឺកូវីដ១៩ រាតត្បាតក៏ដោយ ហើយការសាងសង់ទាំងអស់នៅលើបរិវេណផ្ទៃដី១០០ហិកតានេះទៀតសោត គឺបានថែក្សាទុកនូវព្រៃឈើទាំងអស់មានច្រើនប្រភេទ ដែលសាកសមជាឃ្លាំង នៃការសន្សំបុណ្យតាមបែបព្រះពុទ្ធសាសនា និងជាជង្រុកនៃសិល្បៈវប្បធម៌ជាតិផងដែរ។

គួរបញ្ជាក់ថា ឧកញ៉ាធម្មបណ្ឌិត ញឹក ប៊ុនថា បានសម្រេចកសាងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជានេះឡើង ដោយមានការគាំទ្រពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការឯកភាពពីសំណាក់ថ្នាក់ដឹកនាំជាតិសម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈការផ្តល់ដីចំនួន១២៦ហិកតា ដែលមានទីតាំងនៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ គិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដើម្បីទុកជាទីសក្ការៈបូជារបស់ទេវតា និងមនុស្សលោក ព្រមទាំជាសម្បត្តិរបស់ជាតិដែលជាឃ្លាំងវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងពិភពលោកដែលមានប្លង់មេរាងជាស្លឹកពោធិ៍ ហើយមាន៤១គម្រោង រួមមានព្រះចូឡាមុនីចេតិយកម្ពស់៩ជាន់ មហាប្រាសាទធំសម្រាប់តម្កល់ព្រះពុទ្ធរូប៨៤០០០អង្គ តម្កល់ព្រះត្រៃបិតកដែលចាលើផ្ទាំងថ្ម ព្រះពុទ្ធរូបអង្គធំ វត្តអារាមជាដើម៕