(ភ្នំពេញ)៖ អង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កំពុងដំណើរការកាប់លះមែកឈើជាច្រើនដើម ដែលមានសភាពចាស់ ឬដុសស៊ុបឌ្រុប នៅតាមដងវិថីជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសការបាក់រលំពេលមានភ្លៀងខ្យល់កន្ត្រាក់។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ បានឲ្យដឹងថា ទទួលបានការណែនាំពីអភិបាលរាជធានីភ្នំពេញ ពេលនេះអង្គភាពបាននិងកំពុងធ្វើសកម្មភាព កាប់លះមែកឈើ ដែលដុសស៊ុបឌ្រុប នៅតាមបណ្តោយផ្លូវលេខ៦៣ (ត្រសក់ផ្អែម) ចាប់ពីសាលាភូមិន្ទរដ្ឋបាល ដល់ផ្សារធំថ្មីហើយយើងបានដំណើរកាប់លះមែកឈើបែបនេះតាំងពីថ្ងៃទី១ ខែឧសភា និងគ្រោងបញ្ចប់នៅក្នុងខែកក្កដា ឬសីហាខាងមុខ។
លោក សំ សាមុត បន្តថា «ការងារនេះយើងតែងធ្វើនៅរដូវវស្សា ព្រោះដើមឈើលូតលាស់ល្អ បើយើងកាប់ លះនៅរដូវប្រាំង ដើមឈើអាចងាប់។ មានដើមឈើជាច្រើនដើមត្រូវបានកាប់លះ មែកតាមដងវិថីសំខាន់ៗ មានដូចជា៖ នៅផ្លូវលេខ១៧៤,១៥៨,ផ្លូវ៨១,១២៦,ផ្លូវលេខ៧០ និងតំបន់ជុំវិញមន្ទីរពេទ្យគន្ធបុប្តាជាដើម។ ចំណែកការងារកាប់លះមែក ឈើបន្តនឹងត្រូវធ្វើឡើង នៅផ្លូវត្រសក់ផ្អែម, វិថីព្រះសីហនុ, មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោតម្ត, មហាវិថីកម្ពុជាក្រោម និងមហាវិថីម៉ៅសេទុង»។
លោកប្រធានអង្គភាពសួនច្បារ បានបន្តថា ដើមឈើដែលមាននៅក្នុងរាជធានីភ្នំពេញមានជាង៥ម៉ឺនដើមលើផ្លូវ២៦ខ្សែ ក្នុងនោះដើមឈើធំៗ ដែលមានអាយុកាលចាប់ពី ១០០ឆ្នាំឡើងមានជាង៤០%។
លោកថា «ក្នុងចំណោមដើមឈើជាង៥ម៉ឺនដើមនេះមាន២៥០ដើម មានសភាពពុកផុយ ប្រហោងគល់អាចប្រឈមនឹងការបាក់រលំ។ ដូច្នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមើលដើមឈើ ណាចាស់ ហើយពុកផុយ យើងយកវាចេញ ហើយដាស់ជំនួសដើមថ្មីចៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុ»៕