(ភ្នំពេញ)៖ លោកស្រី Eva NGU YEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលបារាំង នៅតែបន្តជួយកម្ពុជាលេីការបណ្តុះបណ្តាលធនធានមនុស្ស បម្រើដល់វិស័យកងទ័ពមួកខៀវ ដែលចេញប្រតិបត្តិការក្រៅប្រទេស និងជួយបណ្តុះបណ្តាលកងរាអាវុធហត្ថកម្ពជា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ការឱ្យដឹងបែបនេះរបស់ លោកស្រី Eva NGU YEN BINH បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រី ជួបសវនការ និងចុះអនុស្សារណៈយោគយល់គ្នាជាមួយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។
ក្រៅពីការជួយបន្តបណ្តុះបណ្តាលកងទ័ពមួកខៀវ និងការជួយបណ្តុះបណ្តាលកងរាជអាវុធហត្ថកម្ពុជា ក្នុងនោះភាគីទាំងពីរក៏បន្តពិនិត្យ លទ្ធភាពចុះអនុស្សារណៈយោគយល់ទី៣ទៀតនាពេលខាងមុខ ជាបន្តបន្ទាប់ទៀត។ លោកស្រីអគ្គរដ្ឋទូត ក៏បានលេីកឡើងពីសារៈសំខាន់ទំនាក់ទំនងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរ ឱ្យកាន់តែល្អប្រសើរ។
នាយឱកាសនោះដែរ នាយឧត្តមសេនីយ៍ នាង ផាត បានសម្តែងការកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិនៃសាធារណរដ្ឋបារាំង តាមរយៈលោកស្រីឯកអគ្គរដ្ឋទូតថា កម្ពុជា និងបារាំង មានកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងកាពារជាតិប្រទេសទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានការពង្រឹងពង្រីកចំណងទំនាក់ទំនងឥតឈប់ឈរ៕