(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់មូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) ជួយពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ខេត្ដបាត់ដំបង ឱ្យមានលទ្ធភាពធ្វើតេស្ដរកមេរោគកូវីដ១៩ (COVID-19)។

ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយតំណាងអង្គការ KOFIH ប្រចាំកម្ពុជា លោក Kim Sang Gyeun ដែលប្រព្រឹត្ដទៅនាទីស្ដីការក្រសួង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងបន្ដថា កន្លងមកនេះក្រោមការជួយឧបត្ថម្ភគាំទ្រជាសម្ភារ ការបណ្ដុះបណ្ដាលជាពិសេស ការជួយជួសជុល និងសាងសង់អគារមន្ទីរពេទ្យដល់ខេត្ដចំនួន៣ មានខេត្ដបាត់ដំបង, ពោធិ៍សាត់ និងប៉ៃលិនកន្លងមក របស់មូលនិធិគាំពារសុខភាពកូរ៉េ-អន្ដរជាតិ (KOFIH) បានជួយលើកកម្ពស់សុខុមាលប្រជាពលរដ្ឋ បានយ៉ាងល្អលប្រសើរលើសេវាសុខភាព មាតា ទារក និងកុមាររួមទាំងសុខភាពបន្ដពូជ។

ក្នុងឱកាសនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានស្នើដល់អង្គការ KOFIH បន្ដសហការគាំទ្របន្ថែមទៀត ជាពិសេស ជួយពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ខេត្ដបាត់ដំបង ឱ្យមានលទ្ធភាពធ្វើតេស្ដរកមេរោគកូវីដ១៩។

ជាមួយគ្នានោះ តំណាងអង្គការ KOFIH ប្រចាំកម្ពុជា លោក Kim Sang Gyeun ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលតែងតែបន្ដគាំទ្រដល់អង្គការ KOFIH ក្នុងការអនុវត្ដន៍កម្មវិធីការងារកន្លងមក ជាពិសេសវឌ្ឍនភាពការងារជាច្រើន រវាង KOFIH និងក្រសួងសុខាភិបាល។

លើសពីនោះ លោកនឹងបន្ដជួយឧបត្ថម្ភគាំទ្រ ដល់វិស័យសុខាភិបាលបន្ថែមទៀត ទាំងការងារទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងបន្ដកិច្ចសហប្រតិបត្ដិការនៅលើគម្រោងចំនួន២ទៀត ដោយផ្ដោតទៅលើការពង្រឹងសមត្ថភាពធនធានមនុស្ស ក្នុងការឆ្លើយតបនឹងជំងឺមិនឆ្លងជាពិសេស ជំងឺមហារីក។ ជាងនេះទៅទៀត ពង្រឹងធនធានមនុស្សដល់សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។

តាមការបញ្ជាក់របស់រដ្ឋមន្ដ្រីសុខាភិបាលបានឱ្យដឹងថា មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយក្នុងវិស័យសុខាភិបាល តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលមានទាំងគម្រោងសាងសង់ គិលានុបដ្ឋយិកា ភូមិភាពបាត់ដំបង និងជួយសាងសង់មន្ទីរពេទ្យមួយខាងសុខភាព មាតា ទារក និងកុមារ និងជួយបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងការផ្ដល់នូវឧបករណ៍ពេទ្យ។ នេះជាការចូលរួមចំណែកមួយ ដែលឆ្លើយទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់សុខភាពមាតា និងទារក ហើយថែមទាំងចូលរួមយ៉ាងសំខាន់ នូវគោលដៅកម្ពុជាយើង ជាមួយនឹងគោលដៅសហវត្សន៍ សង្គការសហប្រជាតិ ដែលយើងបានសម្រេចមុនគេ ដែលទិសដៅ គឺឆ្នាំ២០១៥ ពិសេសការកាត់បន្ថយមរណភាពមាតា និងទារក ក្រោមមួយឆ្នាំ និងប្រាំឆ្នាំយ៉ាងជោគជ័យផងដែរ៕