(បន្ទាយមានជ័យ)៖ ផ្លូវ១ខ្សែប្រវែង២២គីឡូម៉ែត្រតភ្ជាប់ពីទឹកស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានតម្លៃរហូតដល់៤.៦លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ដែលជាការរួមចំណែកបង្កើនកម្លាំងសេដ្ឋកិច្ចកាន់តែខ្លាំង ជាពិសេសនោះគឺការដឹកទំនិញ និងការធ្វើដំណើរកាន់តែឆាប់រវាងខេត្ត និងខេត្តជាប់ព្រំដែនទាំង២នេះ។
ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តធ្វើឡើងក្រោមវត្តមាន លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុ រាត្រី អភិបាលខេត្ត, លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង និងលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តី កងកម្លាំង ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផ្សេងទៀត។
លោកឧត្តមសេនីយ៍ត្រី តឹក ប៊ុនធឿន តំណាងក្រុមហ៊ុន បច្ចឹមស្ទៀល បានថ្លែងថា ផ្លូវ១ខ្សែដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ មានប្រវែង២២គីឡូម៉ែត្រ ទទឹង៣០ម៉ែត្រ តភ្ជាប់ពីភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទៅចំណុចបន្ទាយសាម ភូមិត្រាវជូ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏សូមអភ័យទោស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការអភិវឌ្ឍរបស់ក្រុមហ៊ុន តែការអភិវឌ្ឍនេះ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ មានផ្លូវប្រើប្រាស់ងាយស្រួល ហើយក្រៅពីផ្លូវទំហំ៣០ម៉ែត្រខាងលើ នៅមានប្រភេទផ្លូវ២០ម៉ែត្រជាច្រើនទៀត ដែលក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍបម្រាប់បងប្អូនប្រើប្រាស់ ជាបន្តបន្ទាប់ទៀត។
លោក អ៊ុ រាត្រី បានថ្លែងថា «នេះជាមោទនភាពមួយរបស់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង យើងដែលទទួលបានការអភិវឌ្ឍផ្លូវថ្មីមួយខ្សែនេះ សម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ធ្វើដំណើរតាមតម្រូវការរៀងៗខ្លួន និងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន បច្ចឹមស្ទៀល ដែលបានរួមចំណែកក្នុងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រទេសជាតិកម្ពុជា»។
ជាមួយគ្នានេះ លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរ និងក្រុមការងារ បន្តជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងរងគ្រោះដោយឥទ្ធិពលនៃជំងឺកូវីដ-១៩ និងសូមឲ្យបងប្អូន ប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩នេះ និង សូមបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យជាប្រចាំ ដោយសម្អាងដៃជាមួយទឹកអាល់កុល ជែលអាល់កុល ឬសាប៊ូ និងត្រូវពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ជាពិសេសរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩។
ឆ្លើយតបនឹងការបើកការដ្ឋានសាងសង់ផ្លូវខាងលើ ប្រជាពលរដ្ឋ បានសាទរ និងសម្តែងក្តីសោមនស្សរីករាយក្រៃលែង ដែលក្រុមហ៊ុនបានគិតគូរ ដល់ប្រជាពលរដ្ឋ ហើយផ្លូវមួយខ្សែនេះ ពិតជាបានបម្រើផលប្រយោជន៍ ដល់ពួកគាត់ច្រើនណាស់ ទាំងការធ្វើដំណើរ និងដឹកកសិផលរបស់ពួកគាត់។ ចុងបញ្ចប់នៃកម្មវិធី ក៏មានការចែកអំណោយអនុស្សាវរីយ៍ ដល់ប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធី ចំនួន១២០០នាក់ផងដែរ៕