(ភ្នំពេញ)៖ លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ លោកបានស្នើសុំទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួយពិនិត្យលទ្ធភាពសាងសង់ផ្លូវមួយខ្សែ ដែលអាចដាក់ឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឥណ្ឌូនេស៊ី ដើម្បីបង្ហាញនូវចំណងទាក់ទងដ៏រឹងមាំ និងយូរអង្វែងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមនេះ ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
ឯកអគ្គរដ្ឋទូត Sudirman Haseng បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់ក្រសួង ព្រមទាំងបានបង្ហាញចំណាប់ អារម្មណ៍ក្នុងការពង្រឹង និងពង្រីកកិច្ចសហការលើវិស័យសាធារណការ និងដឹកជញ្ជូន ជាពិសេសលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលសាធារណរដ្ឋឥណ្ឌូនេស៊ី អាចចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការកសាងសមត្ថភាពកម្ពុជាឆ្ពោះ ទៅរកភាពរីកចម្រើនមួយកម្រិតទៀត។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងបានបង្ហាញភាពរីករាយ និងស្វាគមន៍ចំពោះកិច្ចសហការជាមួយសាធារណរដ្ឋឥណ្ឌូនេស៊ី ទាក់ទងនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា នៅពេលអនាគតក្នុងវិស័យសាធារណការ និងការដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកឯកអគ្គរដ្ឋទូត អំពីការសិក្សាគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលរួមមានផ្លូវរថភ្លើង ក្រោមដី ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្របសម្រាប់រាជធានីភ្នំពេញផងដែរ។
ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីមន្ត្រីជាច្រើននាក់ អមដំណើរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនោះដែរលោក Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី អមដំណើរដោយលោក Arif Gunawan ប្រធានប្រតិភូអមស្ថានទូត និងលោក Noam Lazuardy លេខាទីមួយផងដែរ៕