(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១៣១៤គ្រឿង ក្នុងនោះមានម៉ូតូ ៩៦៣គ្រឿង និងរថយន្ត ៣៥១គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យអគ្គស្នងការ, រយៈពេល៤២ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៥៩៦៨៦គ្រឿង ក្នុងនោះមានម៉ូតូ ៤៣៩៦៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៥៧១៧គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែក បទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ ល្មើសសញ្ញា ដឹកលើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ ជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ៤២ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។

លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន ១០លើកផងដែរ ក្នុងនោះបានបណ្តាលឱ្យមានមនុស្សស្លាប់ ៥នាក់ របួស ១៣នាក់ (របួសធ្ងន់ ៩នាក់)៕