(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា ខេត្តព្រះសីហនុ នៅសល់ផ្ទៃដីរងផលប៉ះពាល់ ដោយសារមីន និងគ្រាប់ ប្រមាណជាង៥.៥គីឡូម៉ែត្រក្រឡា និងត្រូវការថវិកាប្រមាណ១.៥លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ចប់ការរងផលប៉ះពាល់ ដោយសារមីន និងគ្រាប់។
ការបញ្ជាក់បែបនេះ ក្នុងឱកាសដែល លោកទេសរដ្ឋមន្រ្តី លី ធុជ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹក ស្តីពីការប្រើប្រាស់ Tablet ក្នុងការប្រមូលទិន្នន័យអង្កេតចម្ការមីន/ចម្ការគ្រាប់បែកចង្កោម ដល់មន្រ្តីម៉ាពូចំនួន១៩ខេត្ត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្ត ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន មន្រ្តីគម្រោង DFID និងមន្រ្តីគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល (CFR)។
ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្រ្តីក្រុមការងាររៀបចំផែនការ សកម្មភាពមីន (ម៉ាពូ) ២៥ រាជធានី ខេត្ត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការសម្របសម្រួលការងារ សកម្មភាពមីននៅតាមរាជធានី ខេត្តនីមួយៗ ដើម្បីឆ្លើយតប នឹងតម្រូវការ ជាក់ស្ដែងរបស់សហគមន៍ ការងារអភិវឌ្ឍន៍ និងចូលរួមកាត់បន្ថយហានិភ័យ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
ជាមួយគ្នានេះ ការងារចំពោះមុខ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឲ្យមន្រ្ដីម៉ាពូទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ និងសហការឲ្យបានជិតស្និទ្ធបន្ថែមទៀត ជាមួយភាគីពាក់ព័ន្ធសកម្មភាពមីនទាំងអស់ និងត្រៀមខ្លួនដោះស្រាយ រាល់បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ជាពិសេសត្រូវចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការសម្រេចឲ្យបាន នូវគោលដៅកម្ពុជា គ្មានឆ្នាំ២០២៥។
មុននឹងបិទបញ្ចប់វគ្គ លោកទេសរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំចំនួន៦ចំណុច ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងទទួលជោគជ័យការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមមាន៖
* ១៖ យល់ឲ្យបានច្បាស់នូវគោលដៅយុទ្ធសាស្ត្រ គោលនយោបាយ និងនីតិវិធីរបស់អង្គភាព
* ២៖ ធានាឲ្យបាននូវគុណភាព ប្រសិទ្ធភាពការងារដោយចំណាយពេលវេលា និងថវិកាឲ្យសមស្របនឹងគោលដៅ
* ៣៖ បង្កើនការយល់ដឹង ចំពោះបរិយាកាសជុំវិញខ្លួន និងភារកិច្ចរបស់ខ្លូន
* ៤៖ រៀបចំគោលដៅ និងផែនការជាប្រចាំ
* ៥៖ ត្រូវរក្សាឲ្យបានសុខមាលភាព និងសុខដុមរមនាឲ្យល្អក្នុងអង្គភាព
* ៦៖ ត្រូវដោះស្រាយដោយចាប់ផ្ដើមពីបញ្ហាតូចៗ ជាមុនសិន មុននឹងត្រៀមខ្លួនដោះស្រាយបញ្ហា ជាយុទ្ធសាស្ត្រ៕