(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការតាមបង្ក្រាបមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋ យកអស់ទ្រព្យសម្បត្តិជាង៣ម៉ឺនដុល្លារ ក្រោយមានសហការគ្នាយ៉ាងស្អិតរមួតពីសមត្ថកិច្ចពាក់ព័ន្ធ។ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបញ្ជូនជនដៃដល់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយអាវុធហត្ថខេត្តកំពង់ស្ពឺ, ព្រះវិហារ, បន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តសៀមរាប។
បើតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាបបានឈ្មោះ ប៉ិច ផាណ្ណៈ អាយុ៣៦ឆ្នាំ បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) និងយកទ្រព្យសម្បត្តិសរុបជាង៣៦,០០០ដុល្លារ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
ក្រោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អពីស្ថាប័នពាក់ព័ន្ធ រហូតដល់ថ្ងៃទី០៨ ខែមិថុនា ជនសង្ស័យត្រូវអាវុធហត្ថជំនាញបង្ក្រាបបាន នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។
យ៉ាងណាមិញ រហូតមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ អាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ ខណៈទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយមានការអនុញ្ញាតពីលោក ជេត ខេមរា ត្រូវបានជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕