(មណ្ឌលគិរី)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានបន្តចុះផ្សព្វផ្សាយគោលការណ៍ឥណទាន និងនីតិវិធីទទួលបានឥណទាន ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក ជូនដល់ជូនដល់បងប្អូនប្រជាសហគមន៍ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ និងផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលពីក្រៅប្រទេស។
លោកអគ្គនាយក បានជម្រាបជូនបងប្អូនដែលមានវត្តមាន នៅក្នុងអង្គពិធីថាគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទទួលពាក្យសុំខ្ចីពីគ្រប់បណ្តាខេត្តចំនួន២៨៨សំណើ ក្នុងទំហំទឹកប្រាក់ដែលត្រូវស្នើសុំសរុបចំនួន៣១លានដុល្លារអាមេរិក ពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក។
លោកលើកទឹកចិត្ត និងស្នើសុំបងប្អូនរួសរាន់រៀបចំឯកសារស្នើឥណទានក្នុងកម្មវិធីនេះ ទៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងករណីបងប្អូនមានត្រូវការពង្រីកអាជីវកម្មរបស់ខ្លួន។
លោក កៅ ថាច បានបន្តធ្វើការពន្យល់ដល់បងប្អូន អំពីការដាក់ទ្រព្យធានាបំណុល, អំពីអត្រាការប្រាក់ និងអំពីគោលការណ៍ឥណទាន ដើម្បីទទួលបានឥណទាន ពីក្នុងគម្រោងពិសេសនេះ។
ជាមួយគ្នានេះ លោកអគ្គនាយកបានធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗមួយចំនួន អំពីផលិតកម្មដំណាំ ការចិញ្ចឹមសត្វ ការធ្វើវារីវប្បកម្ម ដែលលោកផ្ទាល់ធ្លាប់បានទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅបទេស ដើម្បីផ្តល់ជូនជាចំណេះដឹងបន្ថែមដល់បងប្អូនផងដែរ។
ជាថ្មីម្តងទៀត លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ អោយរៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារឲ្យបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕