(ព្រះវិហារ)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ សហការជាមួយអាជ្ញាធរខេត្តព្រះវិហារ ដឹកនាំដោយលោក គោ ស៊ុំបុនសឿត អភិបាលស្តីទីខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសិក្សាទីតាំងមួយកន្លែង តាមបណ្តោយផ្លូវ ជាតិលេខ៦២ ភូមិជីអោក ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ក្នុងគោលបំណងរៀបចំដាក់ស្ថានីយ៍ថ្លឹងរថយន្តអចល័តដើម្បីត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កំណត់។
លោក សេង ឈួន បានថ្លែងថា ដោយមានសំណើររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរខេត្តព្រះវិហារ សុំដាក់ស្ថានីយ៍ថ្លឹងរថយន្តអចល័តមួយកន្លែងទៀត លោកទេសរដ្ឋមន្ត្រី ក៏បានឯកភាពជាគោលការណ៍តាមការស្នើរសុំ។ ជាមួយគ្នានោះ លោកបានចាត់តាំងក្រុមការងារឱ្យចុះមកពិនិត្យទីតាំងជាក់ស្តែងមុននឹងសម្រេចធ្វើការសាងសង់។
លោក សេង ឈួន បានថ្លែងទៀតថា ភារកិច្ចរបស់ក្រុមការងារដែលចុះមកពិនិត្យនៅពេលនេះយល់ឃើញថា ទីតាំងដែលរដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានរៀបចំសម្រាប់សាងសង់ស្ថានីយ៍ថ្លឹងរថយន្តនេះ គឺមានលក្ខណៈសមស្រប។ លោកសំណូមពរឱ្យអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរសាធារណការខេត្ត ត្រូវសិក្សាពង្រីកក្បាលដីឱ្យមានទំហំធំបន្ថែមទៀត និយាយរួមគឺក្បាលដីដែលអាចសាងសង់បានត្រូវមានទំហំចាប់ពី ១៥០ម៉ែត្រឡើងទៅទើបស្របតាមស្តង់ដារបច្ចេកទេស។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា លោកនឹងខិតខំរកវិធីសាស្ត្រដោះស្រាយបន្តទៀតតាមលទ្ធភាព ដែលអាចធ្វើទៅបាន ធ្វើយ៉ាងណាសាងសង់ស្ថានីយ៍ថ្លឹងរថយន្តអចល័តនេះ ឱ្យបានដើម្បីកាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់ដែលបណ្តាលឱ្យផ្លូវឆាប់ខូច។
លោក សំ លាងទ្រី បានបន្ថែមថា កន្លងមកមានរថយន្តដឹកជញ្ជូនធំៗជាច្រើនគ្រឿង ត្រូវបានក្រុមការងារធ្វើការត្រួតពិនិត្យទៅតាមការផ្តល់ព័ត៌មានពីពលរដ្ឋ ឫក៏សមត្ថកិច្ច ដែលគាត់សង្ស័យថា ការដឹកលើសទម្ងន់ ពេលនោះត្រូវទាក់ទងរកជញ្ជីងចល័តយកមកថ្លឹង ដែលជាហេតុមានការយឺតយ៉ាវ រហូតពេលខ្លះម្ចាស់រថយន្តគេអន់ចិត្តទៀតផង។ ប៉ុន្តែបើមានស្ថានីយ៍ថ្លឹងរថយន្ត អចល័តមួយ នោះរថយន្តធុនធំដឹកទំនិញនៅលើដងផ្លូវច្បាស់ជាចូលមកថ្លឹងដោយខ្លួនឯង មិនបាច់តាមឆ្មក់ចាប់ដូចមុនទៀតទេ ហើយការងារជួសជុល និងថែទាំផ្លូវថ្នល់ពិតជាបានកាតបន្ថយជាក់ជាមិនខាន៕