(ស្វាយរៀង)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអង្គម្ចាស់ជីវិតដំកល់លើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បាននាំព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះរាជទានដល់ប្រជារាស្រ្តចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ និងរបើកដំបូល នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពិធីព្រះរាជទានព្រះរាជអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិបឹងរ៉ៃខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ែន វិបុល អភិបាលខេត្ត លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងមន្រ្តីរាជការមួយចំនួនទៀត។
ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល បាននាំព្រះរាជបណ្តាំផ្ញើ របស់ព្រះករុណាព្រះជាអម្ចាស់ជីវិតលើត្បូងនិងសម្តេចម៉ែ ជាទីសក្ការដ៏ខ្ពង់ខ្ពស់សួរសុខទុក្ខប្រជារាស្រ្តព្រះអង្គ ដែលព្រះករុណាជាអម្ចាស់តែងតែសព្វព្រះរាជហរទ័យ ព្រះរាជតម្រិះគិតគូរដល់ទុក្ខលំបាករបស់ប្រជារាស្រ្តព្រះអង្គ ហើយត្រាស់បង្គាប់ចាត់ព្រះរាជតំណាងរបស់ព្រះអង្គឱ្យសម្តេចក្រសួងបរមរាជវាំងចុះមកសួរសុខទុក្ខ និងនាំព្រះរាជអំណោយមកចែកជូនកូនចៅប្រជារាស្ត្រព្រះអង្គ នៅគ្រប់ទឹសទីនៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ប្រជាពលរដ្ឋ៣៩គ្រួសារ គឺក្នុង០១គ្រួសារ ទទួលព្រះរាជអំណោយ រួមមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) សាប៊ូដុំ០៥ដុំ អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ កៅស៊ូតង់០១ ថវិកាសម្រាប់ ០៤គ្រួសាររលំផ្ទះខូចខាតទាំងស្រុងក្នុង០១គ្រួសារ ៨០០,០០០រៀល។ សម្រាប់ប្រជាពលរដ្ឋរងគ្រោះរបើកដំបូលផ្ទះ ៣៥គ្រួសារក្នុង ១គ្រួសារទទួលបានថវិកា ៤០០,០០០រៀល៕