(សៀមរាប)៖ សំណង់អាគារមុខប្រាសាទអង្គរវត្តត្រូវបានរុះរើជាស្ថាពរ ដោយមានការចូលរួមសហការជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្រោមគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរជាតិអប្សរា ដែលនេះជាសំណង់ទី១០ហើយ ដែលត្រូវបានរុះរើដោយស្ម័គ្រចិត្ត និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍។
ការចុះរុះរើសំណង់ទី១០ ខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
លោក សឿង ស៊ីថា ប្រធានការិយាល័យទីក្រុងស្អាត នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា អាគារនេះបានបន្សល់ទុកនូវការចងចាំដ៏ល្អ និងអនុស្សាវរីយ៍ជាច្រើន ដោយធ្លាប់បានប្រើប្រាស់ដំបូងគេបង្អស់នៅមុខប្រាសាទអង្គរវត្តលើផ្នែកសេវាកម្មភេសជ្ជៈ និងបន្ទប់ទឹកស្អាត។
លោកបញ្ជាក់ថា ក្រសួង និងមន្ទីរទេសចរណ៍សប្បាយរីករាយសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមចំណែកអភិវឌ្ឍន៍កែលម្អជាសួនច្បារ ដាំដើមឈើឱ្យមានការទាក់ទាញទេសចរណ៍មកលេងកាន់តែច្រើនក្នុងតំបន់បេតិកភណ្ឌ។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការរុះរើសំណង់ទាំងអស់មុខប្រាសាទអង្គរវត្ត គឺមិនត្រូវបានលើកលែងអគារណាមួយទេ សូម្បីសំណង់របស់អាជ្ញាធរជាតិអប្សរាផ្ទាល់៕