(ភ្នំពេញ)៖ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងនាមលោកផ្ទាល់ ដែលជាអ្នកធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ បំផ្លិចបំផ្លាញប្រទេសនោះជាច្រើនជំនាន់ បានលើកឡើងថា មានតែការបោះឆ្នោតនោះទេ ទើបធ្វើឲ្យប្រទេសជាតិមានសុខ សន្ដិភាព និងមានការអភិវឌ្ឍន៍។
បើតាមលោក ស៉ិក ប៊ុនហុក បច្ចុប្បន្នមេដឹកនាំប្រទេសកម្ពុជា គឺកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋតាមបែបប្រជាធិបតេយ្យ ដូច្នេះក្នុងនាមជា ស្ថាប័នរៀបចំការបោះឆ្នោត ត្រូវតែធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត លើការបោះឆ្នោត ក៏ដូចជាជឿជាក់លើស្ថាប័ន គ.ជ.ប ព្រោះនៅពេលជឿជាក់ពលរដ្ឋនឹងចូលរួមបោះឆ្នោតជាមិនខាន។
ក្នុងបេសកកម្ម ពង្រឹងសមត្ថភាពលើមន្ដ្រីលេខាធិការរៀបចំការបោះឆ្នោត ដែលទើបបញ្ចប់ទៅនេះ លោក ស៉ិក ប៊ុនហុក បានសង្កត់ធ្ងន់ថា ការបោះឆ្នោត គឺជាស្នួលនៃលទ្ធិប្រជាធិបតេយ្យ ព្រោះធ្វើឲ្យប្រជាពលរដ្ឋទៅទទួលបាននូវបណ្ដាសិទ្ធិ ដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍ ជាសកលស្ដីពីសិទ្ធិមនុស្ស។
ជាមួយគ្នានេះ លោក ស៉ិក ប៊ុនហុក ក៏បានណែនាំឲ្យមន្ដ្រីទាំងអស់ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ដើម្បីធ្វើយ៉ាងណាកុំឲ្យមាន ការចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត ដែលការបោះឆ្នោតនេះ ជាចំណុចរសើបបំផុត ពិសេសប្រទេសតូចតាចដូចប្រទេសកម្ពុជា ត្រូវបានមហាអំណាច យកលទ្ធផល នៃការបោះឆ្នោតជាលេស ដើម្បីឲ្យមានការតវ៉ាទៅនឹងលទ្ធផលបោះឆ្នោត ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់៕