(ស្ទឹងត្រែង)៖ ស្វាកន្ទុយស ដែលជាសត្វកម្រនៅខេត្តស្ទឹងត្រែង ត្រូវគេបាញ់ចំកណ្ដាលក្បាលបណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចក្រឡាពុះ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ឲ្យដឹងថា ក្រោយមានហេតុការណ៍នេះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានស្រាវជ្រាវភ្លាមៗ ដោយសហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស រហូតឈានដល់ការចាប់ខ្លួនបានជនសង្ស័យផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលធ្វើសកម្មភាពបាញ់សម្លាប់សត្វស្វាកន្ទុយសនេះ ឈ្មោះ ណាំ យ៉ុន អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន។ ក្នុងនោះសមត្ថកិច្ចដកហូតបាន សត្វស្វា (ប្រភេទស្វាកន្ទុយស) ចំនួន០១ក្បាល និងអាវុធកែឆ្នៃ (កាំភ្លើងខ្យល់) ចំនួន០១ដើម។ ក្រោយសួរនាំ បច្ចុប្បន្នជំនាញព្រហ្មទណ្ឌនៃអាវុធហត្ថខេត្ត បានធ្វើកំណត់ហេតុប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យមន្ត្រីបរិស្ថានដើម្បីបន្តនីតិវិធី។
បើតាមសេចក្ដីរាយការណ៍ សត្វស្វាកន្ទុយសនេះ គឺជាប្រភេទសត្វកម្រ ហើយនៅខេត្តស្ទឹងត្រែង សត្វប្រភេទនេះមានត្រឹមតែ៥ក្បាលប៉ុណ្ណោះ៕