(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីទទួលផលចោរកម្ម នៅចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះថា លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត បានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការចាប់ខ្លួននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ ក្រោយរូបគេទទួលទិញផលចោរកម្ម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ពីជនសង្ស័យដែលគ្រឿងសង្ហារឹម និងសម្ភារផ្សេងមួយចំនួនទៀតយកទៅលក់។
ប្រតិបត្តិការនេះ មានការដឹកនាំសម្របសម្រួលពី លោក ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង។ ជនសង្ស័យដែលទទួលផលចោរកម្ម មានឈ្មោះ នេន តួ អាយុ២៥ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិព្រែក សង្កាត់ ក្រុងស្ទឹងត្រែង៕