(ភ្នំពេញ)៖ លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ តំណាងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរភារកិច្ច និងចូលកាន់តំណែង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ ដោយលោក ជូ ប៊ុនរីន ត្រូវបានតែងតាំងឱ្យជំនួស លោក ទូច ថារិទ្ធិ ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងយុត្តិធម៌ មានឋានៈស្មើអគ្គនាយក។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលាឧទ្ធរណ៍ភ្នំពេញ ដោយមានការចូលរួមពី លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ, អនុប្រធាន និងអគ្គព្រះរាជអាជ្ញារង, ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការរង ក្រឡាបញ្ជី មន្ត្រីរាជការនៃសាលាឧទ្ធរណ៍ភ្នំពេញ និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកស្រី ចាន់ សុទ្ធាវី បានចាត់ទុកថា វត្តមានរបស់លោក ទូច ថារិទ្ធិ គឺជាការបន្ថែមធនធានថ្មីមួយទៀត ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងយុត្តិធម៌ ដើម្បីឲ្យសម្រេចបានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ លោកស្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោក ទូច ថារិទ្ធិ ដែលបានខិតខំធ្វើការងារកន្លងមក ជាមួយសាលាឧទ្ធរណ៍ប្រកបដោយលទ្ធផលល្អជាច្រើន។
ជំនួសមុខឲ្យរដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ លោកស្រីរដ្ឋលេខាធិការប្រចាំការ ថែមទាំងបានចូលរួមអបអរសាទរចំពោះ លោក ជូ ប៊ុនរីន ដែលត្រូវបានតែងតាំងជា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ ហើយលោកស្រី បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល ត្រូវខិតខំធ្វើការងារបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យយុត្តិធម៌នៅកម្ពុជា ឲ្យកាន់តែមានភាពល្អប្រសើរ។
លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងថា ការផ្លាស់ប្តូរនេះ គឺជារបត់នយោបាយដឹកនាំ គ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការ ដោយឆ្ពោះទៅពង្រឹងសាមគ្គីភាព ពង្រឹងការងារ ដើម្បីឈានទៅលទ្ធផលការងារបានល្អប្រសើរ ស្របតាមនយោបាយកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយឈានដល់ការផ្តល់សេវាយុត្តិធម៌ កាន់តែឆាប់រហ័ស។ លោកបន្តថា ការផ្លាស់ប្តូរនេះ ក៏ជាការគោរពប្រតិបត្តិតាមការតែងតាំង និងផ្លាស់ប្តូរតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រផងដែរ។
លោក ជូ ប៊ុនរីន អគ្គលេខាធិការថ្មី នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ភ្នំពេញ បានឡើងប្តេជ្ញាចិត្តថា នឹងទទួលអនុវត្តន៍ការងារពី លោក ទូច ថារិទ្ធិ ដែលសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ក្នុងស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការ ឲ្យបន្តទទួលបាននិរន្តរភាពការងារតទៅមុខថែមទៀត។ លោកក៏បានគោរពថ្លែងអំណរគុណ ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមានជំនឿទុកចិត្ត ប្រគល់តួនាទី ភារកិច្ចនេះ ដល់រូបលោកផងដែរ៕