(ព្រៃវែង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះអង្គទាំងទ្វេ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់បងប្អូនប្រជារាស្រ្តទទួលរងគ្រោះដោយខ្យល់ព្យុះ រស់នៅភូមិចំនួន៧ របស់ឃុំ កន្សោមអក, ឃុំ គោខ្ចក និងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សរុបប្រជារាស្ត្ររងគ្រោះនៅក្នុងឃុំទាំងបី របស់ស្រុកកំពង់ត្របែក មានចំនួន២៩គ្រួសារ។
អញ្ជើញចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នេះដែរ មានវត្តមានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង, ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួម ទទួលស្វាគមន៏ចំពោះវត្តមាន សម្តេចចៅហ្វាវាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះអង្គទាំងទ្វេរ ពីសំណាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជារាស្ត្រក្នុងមូលដ្ឋាននេះ។
មានប្រសាសន៏សំណេះសំណាល ក្នុងឱកាសដ៏ប្រសើរនោះ សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គមានព្រះរាជហឬទ័យ នឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត របស់ព្រះអង្គដែលទទួលរងគ្រោះ ដោយខ្យល់ព្យុះ រស់នៅឃុំ កន្សោមអក , ឃុំ គោខ្ចក, និងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលកំពុងជួបប្រទះនូវការទទួលរងរបួសនិង ខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាតស្បៀងអាហារ ទីជំរក ការខូចខាតនូវភោគផលដំណាំ និងទ្រព្យសម្បត្តិផ្សេងៗ។
ហេតុនេះហើយ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ នាំមកនូវព្រះរាជអំណោយចែកជូនបងប្អូន ទាំង២៩គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព របស់បងប្អូន។ សម្តេចចៅហ្វាវាំង បានជូនពរជ័យសិរីមង្គល សូមបងប្អូនបានប្រកបតែនឹងព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត និងបានចម្រុងចម្រើន ក្នុងជីវភាពគ្រប់ក្រុមគ្រួសារជាដរាបតរៀងទៅ ។
ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ដែលសម្តេចចៅហ្វាវាំង ព្រះរាជតំណាង និងថ្នាក់ដឹកនាំ ក្រសួងព្រះបរមរាជវាំង បានចែកជូនដល់បងប្អូនប្រជារាស្ត្រក្រីក្រ ទទួលរងគ្រោះដោយខ្យល់ព្យុះ កាលពីថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២០ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ទាំង២៩គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ចំនួន១បាវ ស្មើ៥០គ.ក្រ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះមាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេស៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់១ផ្ទាំង ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ,សាប៊ូដុំ ចំនួន ៥ ដុំ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១ ព្រះបរមព្រះឆាយាល័ក្ខណ៍ ថវិកា ចំនួន៨រយពាន់រៀល សម្រាប់ប្រជារាស្ត្ររលំផ្ទះ ចំនួន ១៣ ខ្នង និងថវិកា ចំនួន៤រយពាន់រៀល សម្រាប់ប្រជារាស្ត្រទទួលរងគ្រោះរបើកដំបូលផ្ទះចំនួន ១៥ខ្នង។
ព្រះរាជអំណោយដ៏ថ្លៃថ្លាដែលបានប្រោសព្រះរាជទាន សម្រាលការលំបាកក្នុងបញ្ហាខ្វះខាតស្បៀងអាហាររបស់បងប្អូនប្រជារាស្រ្ត រស់នៅក្នុងឃុំ កន្សោមអក , ឃុំ គោខ្ចក, និងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅពេលនេះគឺជាព្រះរាជហឬទ័យសណ្ដោសប្រោសប្រណីដ៏មហាប្រសើរថ្លៃថ្លានៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ដែលព្រះអង្គតែងតែមានព្រះរាជហឬទ័យ ទុកដាក់ដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសបងប្អូនមានជីវភាពខ្សត់ខ្សោយទទួលរងគ្រោះដោយគ្រោះធម្មជាតិ មានខ្យល់ព្យុះ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាដើម ត្រូវបានព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាអម្ចាស់នៃយើង ព្រះអង្គប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដ៏ឧត្តុងឧត្តមគ្រប់បែបយ៉ាង ទាំាំងព្រះរាជអំណោយ សំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ព្រះរាជអំណោយជាឧត្តមប្រយោជន៍ សំរាប់ការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ភូមិឃុំទាំងមូល ដើម្បីរួមចំណែកធ្វើអោយជីវភាពរស់នៅរបស់ប្រជារាស្រ្ត កាន់តែមានភាពល្អប្រសើរ ឡើងជាបន្តបន្ទាប់ ។
ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយ រស់នៅក្នុងឃុំ កន្សោមអក , ឃុំ គោខ្ចក, និងឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះសព្ទសាធុការពរ ដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹង ព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាព ដ៏ល្អបរិបូណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ ដល់កូនចៅ ចៅទួតរបស់ ព្រះអង្គជាដរាបតរៀងទៅ ។
ចែកនៅក្នុងស្រុកស្វាយជ្រុំ។
នៅក្នុងថ្ងៃដដែលនេះ ដែរ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះ បរមរាជវាំងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដំណើរដោយថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយ ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូន ដល់បងប្អូនប្រជារាស្រ្ត ទទួលរងគ្រោះដោយខ្យល់ព្យុះកន្ត្រាក់ កាលពីវេលាម៉ោង ១៤និង ៥០នាទី រសៀលថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០២០ មានចំនួន ៣៩ គ្រួសារ នៅក្នុងឃុំចំនួន ៣ មាន ឃុំ ក្រោលគោ, ឃុំ ស្វាយអង្គ, និងឃុំគោកព្រីង ក្នុងស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួម ទទួលស្វាគមន៏ចំពោះវត្តមាន សម្តេចចៅហ្វាវាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ របស់ព្រះអង្គទាំងទ្វេពីសំណាក់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជារាស្ត្រក្នុងមូលដ្ឋាននេះ។
មានប្រសាសន៏សំណេះសំណាល ក្នុងឱកាសដ៏ប្រសើរនោះ សម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីព្រះរាជបណ្តាំដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតនៃយើង ព្រះអង្គមានព្រះរាជហឬទ័យ នឹករលឹកសាកសួរសុខទុក្ខ ក្នុងព្រះរាជហឬទ័យអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះកូនចៅ ចៅទួត របស់ព្រះអង្គដែលទទួលរងគ្រោះ ដោយខ្យល់ព្យុះ រស់នៅឃុំ ក្រោលគោ , ឃុំ ស្វាយអង្គ, និងឃុំគោកព្រីង ក្នុងស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង ដែលកំពុងជួបប្រទះនូវការទទួលរងនូវការលំបាកខ្វះខាតក្នុងជីវភាពជាខ្លាំង ដូចជាការប្រឈមមុខទៅនឹងការខ្វះខាតស្បៀងអាហារ ទីជំរក ការខូចខាតនូវភោគផលដំណាំ និងទ្រព្យសម្បត្តិផ្សេងៗ។
ហេតុនេះហើយ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទាន សម្តេចចៅហ្វាវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ នាំមកនូវព្រះរាជអំណោយចែកជូនបងប្អូន ទាំង៣៩គ្រួសារ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព របស់បងប្អូន ។
ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចចៅហ្វាវាំង ព្រះរាជតំណាង និងថ្នាក់ដឹកនាំ ក្រសួងព្រះបរមរាជវាំង បានចែកជូនដល់បងប្អូនប្រជារាស្ត្រក្រីក្រ ទទួលរងគ្រោះដោយខ្យល់ព្យុះ នៅឃុំទាំងបី របស់ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទាំង ៣៩ គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ចំនួន១បាវ ស្មើ៥០គ.ក្រ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះមាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេសស្មើ ៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់១ផ្ទាំង ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ,សាប៊ូដុំ ចំនួន ៥ ដុំ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១ ព្រះបរមព្រះឆាយាល័ក្ខណ៍ ថវិកា ចំនួន៨រយពាន់រៀល សម្រាប់ប្រជារាស្ត្ររលំផ្ទះ ចំនួន ០៤ខ្នង និងថវិកា ចំនួន៤រយពាន់រៀល សម្រាប់ប្រជារាស្ត្រទទួលរងគ្រោះរបើកដំបូលផ្ទះចំនួន ៣៥ខ្នង ។
គួរបញ្ជាក់ជូនថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោស ព្រះរាជទាន នូវការរួមសុខ រួមទុក្ខជាមួយនឹងទុក្ខលំបាករបស់ប្រជារាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះ អង្គ នៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។
ជាក់ស្តែងការប្រោសព្រះរាជទាន នូវព្រះរាជអំណោយដ៏ថ្លៃថ្លាតាមរយៈសម្តេចចៅហ្វាវាំង ព្រះរាជតំណាង ដល់បងប្អូនប្រជារាស្រ្តរងគ្រោះទាំង ៣៩គ្រួសារ ក្នុងឃុំទាំងបី របស់ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង ក្នុងពេលនេះ បានប្រព្រឹត្តិទៅបន្ទាប់ពី ព្រះរាជហឬទ័យសន្តោសប្រោសប្រណី ចំពោះ ប្រជារាស្រ្តមានជាច្រើនគ្រួសារ ច្រើនមូលដ្ឋានក្នុងពេលកន្លងមក ជាពិសេសប្រជារាស្រ្តទទួលរងគ្រោះ ដោយខ្យល់ព្យុះ នៅក្នុងខែមិថុនាឆ្នាំ ២០២០ នេះ ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជអំណោយ ជួយស្រោចស្រង់ជីវភាពរបស់បងប្អូនតាមរយៈសម្តេច ចៅហ្វាវាំង ព្រះរាជតំណាង នៅស្រុក សាមគ្គីមានជ័យ ខេត្ត កំពង់ឆ្នាំង មានចំនួន ៥៩ គ្រួសារ នៅស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ មានចំនួន ៣៤២ គ្រួសារ នៅស្រុកបរិបូរណ៍ ខេត្ត កំពង់ឆ្នាំង ចំនួន០៦គ្រួសារ និងនៅស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង ចំនួន ២៩ គ្រួសារ។
ប្រជារាស្រ្តដែលទទួលបានព្រះរាជអំណោយ រស់នៅក្នុងឃុំ ទាំងបី របស់ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ និងសូមថ្វាយព្រះសព្ទសាធុការពរ ដ៏បវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបតែនឹង ព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាព ដ៏ល្អបរិបូណ៍ ព្រះកាយពលមាំមួន និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាម្លប់ដ៏ត្រជាក់ ដល់កូនចៅ ចៅទួតរបស់ ព្រះអង្គជាដរាបតរៀងទៅ ។
បន្ទាប់មកសម្តេចចៅហ្វាវាំង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ជាព្រះរាជ តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេរ បានអញ្ជើញសួរសុខទុក្ខ ស្ត្រីចាស់ជរាមួយរូប រស់នៅក្នុង ភូមិតាទាំង ឃុំ កន្សោមអក ស្រុកកំពង់ត្របែក ខេត្ត ព្រៃវែង ដែលបានទទួលរងខ្យល់កន្ត្រាក់ នៅថ្ងៃទី០៩ ខែ មិថុនា កន្លងទៅថ្មីៗនេះ ហើយកំពុងសម្រាកព្យាបាលរបួសនៅគ្លីនិកឯកជន។
សម្តេចចៅហ្វាវាំង បានចែកជូនព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រ និងព្រះរាជ អំណោយសម្តេចម៉ែជាអម្ចាស់ដល់ស្រ្តី ចាស់ជរានិងកំពុងសម្រាកព្យាបាលរបួសមួយរូបនេះ ទទួលបាន អង្ករ ចំនួន១បាវ ស្មើ៥០គ.ក្រ, ឃីត ចំនួន១កញ្ចប់ ក្នុងនោះមាន (មុង១, ភួយ១, ក្រមា១, សារុង១), មីចំនួន១កេសស្មើ ៣០កញ្ចប់, ត្រីខចំនួន ១០កំប៉ុង, កៅស៊ូតង់១ផ្ទាំង ទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ,សាប៊ូដុំ ចំនួន ៥ ដុំ អាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១ ព្រះបរមព្រះឆាយាល័ក្ខណ៍ និងថវិកា ចំនួន៨រយពាន់រៀល៕