(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកពុលស្រាថ្នាំចិនសែតាំងគួយ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនរហូតដល់៤១នាក់ហើយ (ស្រី៣នាក់) ក្នុងនោះបានបណ្តាលឱ្យស្លាប់៧នាក់។

បើតាមការលើកឡើងរបស់ លោកស្រី ឱ វណ្ណឌីន, រហូតមកដល់ពេលនេះ ក្នុងចំណោមអ្នកពុលស្រាចិនសែតាំងគួយទាំង៤១នាក់ មាន៣៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះរួមមាន នៅមន្ទីរពេទ្យបង្អែកមង្គលបុរី ចំនួន៩នាក់, មន្ទីរពេទ្យបង្អែកប៉ោយប៉ែត១៦នាក់, មន្ទីរពេទ្យខេត្តសៀមរាប២នាក់ (ក្នុងនោះម្នាក់ដែលត្រូវលាងឈាម គឺស្ថានភាពល្អប្រសើរឡើងវិញហើយ)។ ដោយឡែកអ្នកពុលស្រានេះ៧នាក់ទៀត បានសម្រាកព្យាបាលនៅផ្ទះ (៤នាក់ទើបចេញពីពេទ្យ)។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្ដទៀតថា បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កំពុងបន្ដចុះអប់រំសុខភាពប្រជាពលរដ្ឋ។ បន្ថែមពីនេះ លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំពិសារស្រាដែលគ្មានប្រភពច្បាស់លាស់ ពិសេសការលាយស្រាដែលគ្មានបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឱ្យពុលរហូតដល់ស្លាប់។

សូមជម្រាបថា ក្រោយពីបានទទួលព័ត៌មានពីការពុលស្រាថ្នាំចិនសែ នៅខេត្តបន្ទាយមានជ័យ នាពេលកន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានកំណត់យកវិធានការចំនួន៣ សម្រាប់បើកយុទ្ធនាការទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

* វិធានការណ៍ទី១ បើកការស្រាវជ្រាវ និងស៊ើបអង្កេត កន្លែងកើតហេតុ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ដោយបានសាកសួរព័ត៌មាន និងយកគំរូសំណាក ស្រាថ្នាំចិនសែនេះ មកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងមន្ទីរពិសោធន៍ខា្នតតូចរបស់សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ។ ជាលទ្ធផលមន្ត្រីជំនាញបានធ្វើតេស្ត រកឃើញសារធាតុមេតាណុល ក្នុងកម្រិតខ្ពស់ជាង០.៣៥% ដែលជាអត្រាខ្ពស់ អាចបណ្ដាលឱ្យស្លាប់បាន ប្រសិនបើទទួលទានច្រើន។

* វិធានការណ៍ទី២ មន្ត្រីជំនាញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានបើកប្រតិបត្តិការបង្រ្កាបទីតាំងផលិត និងចែកចាយស្រាថ្នាំចិនសែនេះ ដោយសហការជាមួយព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំបើកទីតាំងផលិត ដើម្បីស្វែងរកវត្ថុតាង និងរឹបអូសផលិតផលស្រាថ្នាំចិនសែទាំងនោះ។

* វិធានការណ៍ទី៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានបញ្ជាឱ្យសាខា ក.ប.ប. រាជធានី-ខេត្ត ទាំងអស់ប្រមូលត្រលប់មកវិញ នូវស្រាថ្នាំចិនសែយីហោ «តាំង គួយ» ដែលមានការសង្ស័យ មានហានិភ័យដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិត ដល់អ្នកប្រើប្រាស់ ។

របាយការណ៍បណ្តោះអាសន្ន ប្រតិបត្តិការទូទាំងប្រទេសមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) បានរឹបអូសបានស្រាថ្នាំចិនសែយីហោ «តាំង គួយ» បានចំនួន១៣,៩៨៩ ដប ស្នើនឹង៦,៩៩៤.៥០លីត្រ។

មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ផ្អាកទទួលទានស្រាថ្នាំចិនសែ «តាំង គួយ» នេះ ជាពិសេសសូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់៕