(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានជូនដំណឹងស្តីពីការជីកកាត់មហាវិថីឈ្នះឈ្នះ ដើម្បីកប់បំពង់ក្រោមដីរបស់ការដ្ឋានសាងសង់ស្ថានីយ បូមទឹកទួលសំពៅ ស្ថិតក្នុងព្រំប្រទល់ខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ថានីយបូមទឹកទូលសំពៅ បាននិងកំពុងសាងសង់ពង្រីកសមត្ថភាពបូមទឹក បន្ថែមចំនួន ១២ម៉ែត្រគូបក្នុង ១វិនាទី ដែលបំពាក់ម៉ូទ័រថ្មីចំនួន០៤គ្រឿង ទំហំ ១ម៉ែត្រ លើសមត្ថភាពបូមទឹកបច្ចុប្បន្នមានត្រឹមតែ ៥ម៉ែត្រគូបក្នុង ១វិនាទី ហើយដែលការដ្ឋានសាងសង់នេះទៀតសោត គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្រេច៩៥% រួចហើយ។

ស្ថានីយថ្មីនេះនឹងមានសមត្ថភាពបូមទឹកសរុបចំនួន ១៧ម៉ែត្រគូបក្នុង ១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិចនៅតំបន់ភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ក្នុងការដំឡើងបំពង់ក្រោមដីនេះ ការដ្ឋាននឹងជីកកាត់ទទឹងផ្លូវបេតុងប្រវែង ២២ម៉ែត្រ និងកាត់បណ្ដោយផ្លូវបេតុងប្រវែង ១៦,៥ម៉ែត្រ ដោយដំណើរការការដ្ឋាន ១ចំហៀងផ្លូវម្ដងៗ និងរក្សាទុកឱ្យប្រជាពលរដ្ឋ ធ្វើចរាចរឆ្លងកាត់ទីតាំងការដ្ឋាន ១ចំហៀងផ្លូវជាផ្លូវទ្វេទិស។

ក្នុងន័យនេះការជីកកាត់ផ្លូវបេតុង និងដំឡើងបំពង់ក្រោមដី ព្រមទាំងជួសជុលផ្លូវ នឹងប្រើរយៈពេល៥ថ្ងៃ ហើយត្រូវអនុវត្តជា ២ដំណាក់កាល រួមមាន៖

* ដំណាក់កាលទី១៖ ជីកកាត់ ១ចំហៀងផ្លូវ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨៖០០នាទីព្រឹកតទៅ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

* ដំណាក់កាលទី២៖ ជីកកាត់ ១ចំហៀងផ្លូវទៀត ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨៖០០នាទីព្រឹកតទៅ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖