(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ សាលាឧទ្ធរណ៍ និងអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំពិធីផ្ទេរភារកិច្ច និងចូលកាន់តំណែង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាល ដោយលោក ជូ ប៊ុនរីន ត្រូវបានតែងតាំងជំនួស លោក ទូច ថារិទ្ធិ ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងយុត្តិធម៌ មានឋានៈស្មើអគ្គនាយក។
ពិធីនេះត្រូវបានធ្វើឡើងនៅសាលាឧទ្ធរណ៍ភ្នំពេញ ក្រោមអធិបតីភាព លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ តំណាងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានការចូលរួមពី លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ភ្នំពេញ, អនុប្រធាន និងអគ្គព្រះរាជអាជ្ញារង, ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការរង ក្រឡាបញ្ជី មន្ត្រីរាជការនៃសាលាឧទ្ធរណ៍ភ្នំពេញ និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
ក្នុងឱកាសនោះ លោក យូ ប៊ុនឡេង បានលើកឡើថា ក្នុងនាមជាប្រធានស្ថាប័ន លោកសូមធ្វើការកត់សម្គាល់ និងផ្តល់ដំបូន្មានដល់អគ្គលេខាធិការថ្មី នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលថ្មីថា អគ្គលេខាធិការដ្ឋាននេះ គឺជាសេនាធិការគាំទ្រ បម្រើឲ្យកិច្ចដំណើការឲ្យស្ថាប័នតុលាការ និងអយ្យការប្រកបដោយគុណភាព និងតម្លាភាពដល់ស្ថាប័នទាំងពីរ គឺសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ដូច្នេះក្នុងនាមអគ្គលេខាធិការ គប្បីយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការបំពេញភារកិច្ចចំនួន៦។
បើតាមប្រធានសាលាឧទ្ធរណ៍ភ្នំពេញ, ភារកិច្ចទាំង៦នោះ រួមមាន៖
១៖ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ការងារឲ្យបានល្អប្រសើរ ផ្សារភ្ជាប់ជាមួយនឹងសមត្ថភាព បទពិសោធន៍ល្អ ជំរុញតាមដានការប្រតិបត្តិរបស់មន្ត្រីក្រោមឱវាទ ប្រកបដោយចំណេះដឹង ចំណេះធ្វើ ឲ្យបានទៀងទាត់ និងពោរពេញដោយការទទួលខុសត្រូវ ដើម្បីឈានដល់ការផ្តល់សេវាយុត្តិធម៌ដល់ភាគីបានឆាប់រហ័ស តាមវិធាន និងលំហូរនៃនីតិវិធី ដែលកំណត់ដោយច្បាប់ និងកំណត់ដោយស្ថាប័ន ដូចជា បទបញ្ជា កំណត់ហេតុ ដោះស្រាយ និងបញ្ហាប្រឈម ក៏ដូចជាគោលការអនុវត្តន៍ទាំងឡាយផងដែរ។
២៖ ធ្វើជាគំរូដល់មន្ត្រីក្រោមឱវាទ ក្នុងការបំពេញភារកិច្ច និងចៀសវាងនូវការប្រកាន់ឥរិយាបទការិយាល័យនិយម តួឯកនិយម រូបភាពនិយម តែគួរយកចិត្តទុកដាក់អំពីគោលការណ៍ការងារ ពោលគឺដឹកនាំមន្ត្រីឲ្យបំពេញភារកិច្ចបានល្អ និងចេះលើកសរសើរដល់មន្ត្រីល្អ និងសកម្ម ហើយត្រូវចេះចែករំលែកបទពិសោធន៍ទៅវិញទៅមក ដើម្បីឈានទៅពង្រឹងស្មារតីមន្ត្រីឲ្យមានសាមគ្គីល្អ រួមគ្នាបំពេញភារកិច្ច បម្រើប្រយោជន៍ច្បាប់ និងភាគស្របច្បាប់ និងទៀងទាត់។
៣៖ ខិតខំស្វែងយល់ឲ្យបានច្បាស់លាស់ អំពីការប្រតិបត្តិនីតិវិធី ពិសេសកិច្ចការរដ្ឋបាលសំណុំរឿង ចាប់ពីពេលចុះបញ្ជី រហូតដល់ពេលបញ្ចប់នីតិវិធី ក្នុងដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដើម្បីបង្កើននូវភាពជឿជាក់ នូវការដឹកនាំរបស់ខ្លួន ពីមន្ត្រីក្រោមឱវាទ ក៏ដូចពីមហាជនទូទៅ ដើម្បីជាចលការជួយជំរុញការផ្តល់សេវាយុត្តិធម៌ នៃស្ថាប័នទៅភាគី ដោយឆាប់រហ័ស ដែលបុព្វហេតុបង្កើននូវជំនឿទុកចិត្តលើស្ថាប័នពីសំណាក់សាធារណៈជន។
៤៖ រៀបចំបែងចែកភារកិច្ចដល់មន្ត្រីទទួលខុសត្រូវ សមស្របតាមអនុក្រឹត្យស្តីពីការបង្កើត និងការប្រព្រឹត្តទៅរបស់ អគ្គលេខាធិការដ្ឋានរដ្ឋបាល ស្របតាមមុខងារ ភារកិច្ច។ ប្រជុំពិភាក្សា ជាមួយមន្ត្រីក្រោមឱវាទ គ្រប់នាយកដ្ឋានឲ្យមានការងារធ្វើគ្រប់ៗគ្នា ដើម្បីឲ្យកិច្ចដំណើរការនៅក្នុងអគ្គលេខាធិការដ្ឋានរដ្ឋបាលប្រព្រឹត្តទៅដោយរលូន និងបង្កើនការជឿជាក់ពីសំណាក់មន្ត្រីផ្ទៃក្នុង។
៥៖ ត្រូវចៀសវាងដាច់ខាត ការជ្រៀតជ្រែកការងាររបស់ចៅក្រម ព្រះរាជអាជ្ញា ក៏ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ដែរដល់ការជំរុញ និងគាំទ្រដល់សកម្មភាពការងាររបស់ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាក្រឡាបញ្ជី ដើម្បីពង្រឹងដល់ការផ្តល់សេវាយុត្តិធម៌ ប្រកបដោយភាពជឿជាក់។
៦៖ ត្រូវយកចិត្តទុកដាក់ដល់ការគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋ ឲ្យបានល្អប្រសើរ និងត្រូវខិតខំ ថែរក្សាសណ្តាប់ធ្នាប់ ការងាររក្សាសន្តិសុខក្នុងស្ថាប័ន ក៏ដូចជាការបម្រើឲ្យដំណើការជំនុំជម្រះបានល្អផងដែរ៕