(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្ត ដល់នាយនគរបាលជាន់ខ្ពស់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា ដើម្បីតបស្នងទៅនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ សូមយកការប្តេជ្ញាចិត្តក្នុងឱកាសប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្ដរស័ក្ដិនេះ ប្រែក្លាយឲ្យទៅជាសកម្មភាពពិត និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីភារកិច្ចរបស់ខ្លួន។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បាននាំយកនូវការផ្តាំផ្ញើរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជូនដល់នាយ នាយរង និងពលនគរបាទាំងអស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និយាយជារួម និយាយដោយឡែកនាយនគរបាល ដែលទើបទទួលបានការតែងតាំងមុខតំណែង និងឋានន្តរស័ក្តិនាពេលនេះ ដើម្បីអនុវត្តតួនាទី ភារកិច្ចរួមគ្នាបាន ត្រូវប្រកាន់ខ្ជាប់នូវ៣ចំណុច រួមមាន៖
*ទី១៖ រួមចំណែកប្តូរផ្តាច់ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់
*ទី២៖ រួមចំណែកការពារបូរភាពទឹកដី អធិបតេយ្យជាតិ និងឯកភាពជាតិ
*ទី៣៖ រួមចំណែកទប់ស្កាត់មិនឲ្យវិលត្រឡប់មកវិញ នូវឧបាកលសកម្មភាពអង្គការចាត់តាំងរបស់បដិវត្តពណ៌។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្ថែមទៀតថា ប្រធាននាយកដ្ឋានថ្មី ដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ត្រូវពិនិត្យឡើងវិញនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីរៀបចំឲ្យដំណើរការនូវប្រព័ន្ធការងារ តាមជំនាញនីមួយៗ ឲ្យបានច្បាស់លាស់។ អ្វីដែលល្អហើយគួរតែជំរុញលើកចិត្តគាំទ្របន្ថែមទៀត តែអ្វីដែលនៅខ្វះខាត ខ្វះចន្លោះ ដែលបន្សល់ទុក ត្រូវកែលំអរឡើងវិញ ហើយការងារដែលសំខាន់បំផុត គឺរួមរួបគ្នាជំរុញការងាររបស់ក្នុងនាយកដ្ឋាន ឲ្យរីកចម្រើនទៅមុខ ពិសេសបង្កើនសាមគ្គីភាពផ្ទៃក្នុង។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានលើកឡើងបញ្ជាក់ជូនអង្គពិធីថា សភាពការណ៍រយៈពេល៦ខែដើមឆ្នាំនេះ យើងសង្កេតឃើញថា ការប្រែប្រួសនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលមកដល់ប្រទេសកម្ពុជា ដូច្នេះថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន-អង្គភាព ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយពីវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ហើយត្រូវផ្សព្វផ្សាយពីវិធានការនេះ ដល់ក្រុមគ្រួសារ បងប្អូន មិត្តភ័ក្រ្តឲ្យចូលរួមទាំងអស់គ្នា ពិសេសត្រូវផ្តើមចេញពីខ្លួនឯងតែម្តង៕