(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យបងប្អូនជនរួមជាតិចូលរួម និងផ្សព្វផ្សាយទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ ឲ្យបានផុលផុសឱឡារឹក អធិកអធមទូទាំងប្រទេស។
នេះបើតាមសារាចរ ស្ដីពី ការរៀបចំទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។
សម្ដេតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល សូមអំពាវនាវដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិទាំងអស់ សូមចូលរួម និងផ្សព្វផ្សាយទិវាជាតិនេះ ឱ្យបានផុលផុសឱឡារឹក អធិកអធមទូទាំងប្រទេស»។
សម្ដេតតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ប្រារព្ធឡើងក្រោម ប្រធានបទ «TVET ធ្វើឲ្យជីវិតកាន់តែប្រសើរ»។ ប៉ុន្តែដោយយើងទាំងអស់គ្នា កំពុងបន្តចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរលកទី២ នៃជំងឺកូវីជ១៩ រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម៖
១៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវទទួលបន្ទុករៀបចំទិវាជាតិនេះ តាមរយៈការផលិតជាវីដេអូ នឹងខ្លឹមសារឯកសារផ្សេងៗ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយទូទាំងប្រទេស។
២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមសហការគាំទ្រនិងផ្សព្វផ្សាយគ្រប់មធ្យោបាយនានា ដើម្បីអបអរសាទរទិវាជាតិអប់រំបណ្ដុះ បណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ តាមអង្គភាពរៀងៗខ្លួន ជាពិសេស រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការផ្សព្វផ្សាយនិងគាំទ្រដល់ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ សាធារណៈ និងឯកជន អង្គការ សមាគម និង សហគមន៍ រៀបចំចងបដា ពាក្យស្លោកផ្សព្វផ្សាយពីទិវាជាតិនេះ ក្នុងដែនដីរបស់ខ្លួន។
៣៖ ក្រសួងព័ត៌មានត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋ ឯកជន និងបណ្ដាញសារព័ត៌មានសង្គមនានា រួមមាន វិទ្យុ ទូរទស្សន៍ កាសែត និងមធ្យោបាយផ្សព្វផ្សាយ ផ្សេងទៀត ឱ្យធ្វើការផ្សព្វផ្សាយសារាចរសារលិខិតសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា វីដេអូ និងខ្លឹមសារឯកសារផ្សេងៗ ក្នុងឱកាសប្រារព្ធទិវាជាតិនេះ ឲ្យស្របតាមប្រធានបទ «TVET ធ្វើឲ្យជីវិតកាន់តែប្រសើរ»។
៤៖ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំចងបដា ពាក្យស្លោក នៅតាម អង្គភាព និង ទីសាធារណៈ តាមខ្លឹមសារដូចខាងក្រោម៖
* ជយោ! ព្រះរាជាណាចក្រកម្ពុជា អបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៣ ឆ្នាំ២០២០ ក្រោមប្រធានបទ «TVET ធ្វើឲ្យជីវិតកាន់តែប្រសើរ»។
* រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានការងារសមរម្យ និងមានប្រាក់ចំណូលខ្ពស់!
* ស្ត្រី និងជនជាតិដើមភាគតិច ក៏រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែរ!
* TVET ជំនាញពិត ជីវិតប្រសើរ៕