(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់គណៈកម្មការ មហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា។
គណៈកម្មការនេះ ដឹកនាំដោយលោក សុខ ឥសាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក យ៉ង់ សែម ប្រធានគណៈកម្មការទី២ និងតំណាងគណៈកម្មការពាក់ព័ន្ធនានាផងដែរ។
យោងតាមការផ្សាយរបស់ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ការឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា បានធ្វើឡើងដោយទទួលបានការចាត់តាំងពីរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ មានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
សេចក្តីព្រាងច្បាប់នេះ មានខ្លឹមសារដូចក្រោម៖
១៖ សាវតារ
* នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering /APG) ដែលកម្ពុជាត្រូវអនុវត្តតាមស្ដង់ដាអន្តរជាតិ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយ អាវុធមហាប្រល័យរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force/FATF)។ ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។
* នៅឆ្នាំ២០០៧ ក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក ស្ដីពីការសម្អាតប្រាក់ បានវាយតម្លៃអញ្ញមញ្ញ (Mutual Evaluation) ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី១ និងបានរកឃើញថា កម្ពុជានៅពុំទាន់មានមូលដ្ឋានគតិយុត្ត និងយន្តការអនុវត្តច្បាប់គ្រប់គ្រាន់។ ការត្រួតពិនិត្យតាមដានជាបឋម ដោយក្រុមការងារហិរញ្ញវត្ថុ នៅឆ្នាំ២០១០ បានរកឃើញថា ការដាក់ទោសការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅពុំទាន់ស្របតាមបទដ្ឋានអន្តរជាតិ វិធានការបង្កក ឃាត់ទុក និងរឹបអូសផលនៃបទល្មើសនៅពុំទាន់មានភាពពេញលេញ និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងពុំទាន់មានភាពទូលំទូលាយ។ ដូច្នេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ បានសម្រាចដាក់កម្ពុជាក្នុងបញ្ជីប្រផេះ។
* ចាប់តាំងពីឆ្នាំ២០១១ - ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបំពេញកិច្ចការជាច្រើន ដើម្បីបំពេញតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ។ ជាលទ្ធផល អង្គមហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ បានថ្លែងការកោតសសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង និងបានសម្រេចជាឯកច្ឆ័ន្ទដកកម្ពុជាចេញពីបញ្ជីប្រផេះនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។
* នៅឆ្នាំ២០១៦ ក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក ស្ដីពីការសម្អាតប្រាក់ បានវាយតម្លៃអញ្ញមញ្ញស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២ និងបានរកឃើញថា កម្ពុជានៅមានចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួននៅឡើយ ដូចជា មិនមានមូលដ្ឋានគតិយុត្ត ឬវិធានការដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅចំពោះហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
* នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារហិរញ្ញវត្ថុ បានដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រផេះម្ដងទៀត និងបានតម្រូវឱ្យអនុវត្តផែនការសកម្មភាព ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត ជាយុទ្ធសាស្រ្តនានាតាមកាលបរិច្ឆេទកំណត់ ដូចជា៖ ត្រូវមានក្របខណ្ឌគតិយុត្តទាក់ទងនឹងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២០ និងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឱ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ២០២០ ជាដើម។
២៖ គោលបំណង៖ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
៣៖ វិសាលភាព៖ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕