(កណ្តាល)៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញមកច្រានចោលព័តមានមួយ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook ថា ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាល បើកភ្លើងខៀវយកលុយ១៥,០០០ដុល្លារអាមេរិក ដើម្បីនាំឈើមកស្តុក នៅឃ្លាំងក្នុងស្រុកពញ្ញាឮ។

ការចេញមកច្រានចោលព័ត៌មាននេះ បន្ទាប់ពីមានគណនី Facebook ឈ្មោះ «បុត្រា នាគ» បានសរសេរបង្ហោះតាមបណ្ដាញសង្គមថា «ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាល បើកភ្លើងខៀវយកលុយ១៥,០០០$ ដើម្បីនាំឈើមកស្តុក នៅឃ្លាំងក្នុងស្រុកពញ្ញាឮ។ ថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានប្រាប់ថា នៅវេលាម៉ោង១១៖៤៥យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ អ្នករកស៉ីបទល្មើសព្រៃឈើ បាននាំឈើមកទុកនៅឃ្លាំងក្នុងស្ថិតនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល»

ថ្លែងសាតាមរយៈ Facebook របស់ខ្លួននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នោះគឺជាព័ត៌មានមិនពិតនោះទេ»

លោកឧត្តមសេនីយ៍ត្រីស្នងការខេត្ត បានឲ្យដឹងទៀតថា ចំពោះករណីនេះ ខាងម្ចាស់សិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូចមានច្បាប់អនុញ្ញាតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រឹមត្រូវ ដែលមានម្ចាស់សិប្បកម្មឈ្មោះ ម៉ែន មករា និងលិខិតអនុញ្ញាតឲ្យបង្កើតរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូច លេខ០៨ ខរព/កណ/SFH/P ទីតាំងស្ថិតនៅភូមិ តាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានដឹងថា លោកមិនបានពាក់ព័ន្ធរឿងយកលុយកាក់ ពីម្ចាស់សិប្បកម្មដូចដែលអ្នកលេង Facebook ឈ្មោះ បុត្រា នាគ បានបង្ហោះនោះទេ។ វាជាព័ត៌មានមិនពិត ជាព័ត៌មានក្លែងក្លាយ៕