(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានសហការរៀបចំពិធីប្រគល់ធុងសម្រាប់បែងចែកសំរាមចំនួន ៥០ធុង មានចំនួនសរុប ១៣០ ប្រឡោះ ជូនដល់សាលារៀនចំនួន១០ នៅក្នុងខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងនៅតាមសាលារៀន ជាពិសេសផ្តោតសំខាន់លើការបែងចែកសំណល់កែច្នៃ មិនអាចកែច្នៃ និងសំណល់សរីរាង្គ ក៏ដូចជាការបំផុសស្មារតីស្រលាញ់បរិស្ថាននៅជុំវិញខ្លួនរបស់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សីផងដែរ។

ការមានទម្លាប់ល្អនៅសាលាលរៀន សិស្សានុសិស្សអាចយកទៅផ្សព្វផ្សាយ និងអនុវត្តល្អនៅគេហដ្ឋានរបស់ពួកគេ។

លោក មាស វុត្ថា នាយកផ្នែកលក់ប្រចាំប្រទេស នៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានថ្លែងថា «កិច្ចសហការនាថ្ងៃនេះ គឺជាផ្នែកមួយនៃការជួយគាំទ្រគម្រោងជាសកលរបស់កូកា-កូឡា ដែលមានឈ្មោះថា «ពិភពលោកគ្មានសំរាម» ដែលអនុវត្តតាមសរសរស្តម្ភ ៣ គឺ «រចនា» «ប្រមូលកែច្នៃ» និង «ចាប់ដៃគូសហការ» ។

លោកបានបន្តទៀតថា ក្រុមហ៊ុនកំពុងព្យាយាមគ្រប់សកម្មភាពដើម្បីសម្រេចឱ្យបានក្នុងឆ្នាំ២០៣០ នូវគោលដៅ «ប្រមូល» ឱ្យបាន ៥០% នៃចំនួនសំបកវេចខ្ចប់សរុបដែលយើងបានប្រើប្រាស់ យកទៅកែច្នៃឡើងវិញ។

ជាសាក្ខីភាពនៃការសម្រេចបាននូវមួយជំហានទៀតរបស់ក្រុមហ៊ុនចំពោះគោលដៅជាសាកលរបស់យើង ក្នុងឆ្នាំ២០២០នេះ នឹងចេញលក់ទឹកពិសាដាសានីចំនុះ ៣៥០ មីលីលីត្រ ដែលសំបកដបវេចខ្ចប់ទឹកពិសាចំណុះនេះ ផលិតពីប្លាស្ទិកកែច្នៃរួច ១០០% ឬហៅថា «rPET» ដោយអនុលោមតាមស្តង់ដារអូស្ត្រាលី និងកាណាដា។

លោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ក៏បានថ្លែងចំពោះកិច្ចសហការនេះថា ការគ្រប់គ្រងសំណល់និងបរិស្ថាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបផងដែរ។

លោកបន្ត «ការចូលរួមរបស់វិស័យឯកជនក្នុងកិច្ចគាំពារបរិស្ថាន គឺជាទង្វើដ៏ប្រពៃដែលឆ្លុះបញ្ចាំងពីការសាមគ្គីរបស់វិស័យឯកជនចំពោះបរិស្ថានកម្ពុជា។ ខ្ញុំជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីវិស័យឯកជន ជាពិសេសការយល់ដឹងពីការគ្រប់គ្រងសំណល់រឹងរបស់សិស្សានុសិស្ស ប្រជាពលរដ្ឋ នឹងធ្វើឱ្យបរិស្ថានកម្ពុជាមានភាពប្រសើរឡើង»។

ក្រោមគម្រោងជាសកល «ពិភពលោកគ្មានសំរាម» គិតចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃនេះ ក្រុមហ៊ុនកូកា-កូឡា និងដៃគូសហការទាំងអស់ បានរួមគ្នាផ្តល់ធុងបែកចែកសំរាមជាង៨០០ធុង និងសារបំផុសស្មារតីស្រលាញ់បរិស្ថានរាប់រយផ្ទាំង ជូនដល់សាលារៀន និងសហគមន៍នៅទូទាំងប្រទេស។

បន្ទាប់ពីកម្មវិធីថ្ងៃនេះ នៅមានធុងសំរាមចំនួនជាង ២០០ទៀត កំពុងតែផលិតទុកសម្រាប់ផ្តល់ជូនសាលារៀន និងសហគមន៍ ក្នុងឆ្នាំ២០២០នេះ៕