(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឈួរ ចាន់ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហិចតា របស់លោក ហឿង សេងហៃ នៅតំបន់អន្លងអិន សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ បន្ទាប់មកទៀត បន្តដំណើរមកពិនិត្យដំណាំស្រូវដើមរដូវចំនួន ៥០០ហិចតា (ប្រើប្រាស់ពូជសែនក្រអូប ផ្កាក្រវ៉ាន់ និងពូជ ៥១៥៤) នៅភូមិកំពុងអុស ឃុំកំពង់អុស ស្រុកជលគិរី។

ជួបជាមួយម្ចាស់ចំការពោត លោក សេងហៃ បានរៀបរាប់ទាំងទឹកចិត្តសប្បាយរីករាយថា ដោយតំបន់នេះមានសក្តានុពលលើដំណាំពោត សណ្តែក និងដំឡូងជ្វា គាត់អាចដាំពោតបាន ២ដងក្នុង ១រដូវ បន្ទាប់ពីប្រមូលផលសណ្តែកបាយរួច ហើយអាចទទួលបានចំណូល ១០លានរៀល មិនរួមចំណូលពីសណ្តែកសៀង និងននោងមូលដាំលាយជាមួយពោត ១ថ្ងៃលក់បាន ៥០០០០រៀលផងទេ។

ដោយឡែក ចំពោះដំណាំស្រូវ លោកស្រី ច្រឹក គឹមឈៀន ដំណាងឱ្យកសិករម្ចាស់ស្រែ បានរៀបរាប់ជាហូរហែរអំពីខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ គិតចាប់ពីពូជ ព្រោះ មើលថែទាំ និងប្រមូលផល។ ជាទូទៅកសិករតំបន់នេះ ប្រើពូជសែនក្រអូប និងផ្កាក្រវ៉ាន់ ដែលពូជទាំងពីរនេះទទួលផលបានជាង ៦តោន ក្នុង១ហិចតា លក់បាន ១០០០រៀលក្នុង១គីឡូក្រាម។

លោកស្រីបន្តថា ដោយឡែកពូជអីអ៊ែរ ៥១៥៤ ទិន្នផលទទួលបាន ៨តោនក្នុង ១ហិចតា តម្លៃលក់បាន ៨០០រៀលក្នុង១គីឡូក្រាម។ ការព្រោះស្រូវ និងប្រមូលផល ប្រើគ្រឿងយន្តទាំងអស់ ជាពិសេសលក់ផលស្រូវនៅស្រែតែម្តង ហើយករណីខ្លះទៀតឈ្មួញចុះមកឱ្យតម្លៃស្រូវតាំងពីស្រូវចាប់ផ្តើមដាក់គ្រាប់ម្លេះ។

លោកស្រីបន្តទៀតថា ក្រៅពីដំណាំស្រូវ កសិករក៏មានដំណាំរួមផ្សំមានម្ទេសដៃនាង និងសណ្តែកបាយ។ ក្នុងមួយឆ្នាំៗ គ្រួសារនីមួយៗ ទទួលបានចំណូលមិនតិចជាង ១០លានរៀល ប៉ុន្តែវាអាស្រ័យលើផ្ទៃដីដែលគ្រួសារនីមួយៗមាន។

ដោយឡែង លោកស្រី សំរិទ្ធ ណុន ប្រធានសហគមន៍កំពង់អុសពន្លឺច័ន្ទ ក៏បានជម្រាបជូនលោករដ្ឋមន្រ្តីផងដែរ អំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់សហគមន៍ចាប់តាំងពីថ្ងៃបង្កើតនៅឆ្នាំ២០១០ រហូតមកទល់បច្ចុប្បន្នមានសមាជិក ១៨៧នាក់ ចំនួនភាគហ៊ុន ៦៤០ហ៊ុន ស្នើនឹងទឹកប្រាក់ជាង ៥៧លានរៀល បើធៀបនឹងថ្ងៃបង្កើតមានត្រឹមតែជាង ៣លានរៀល ដោយកំណើនទុននេះបានមកពីការធ្វើអាជីវកម្មផលិតស្រូវពូជ ស្រូវចំណី ឥណទានកសិកម្ម និងចិញ្ចឹមមាន់ និងនេសាទ។ ពិសេសជាងនេះ សហគមន៍បានគ្រប់គ្រង និងអភិរក្សដែននេសាទចំនួន ៤២ហិចតា ដែលបច្ចុប្បន្នដែននេះសម្បូរត្រីសម្រាប់ផ្តល់ជាប្រភពចំណូលដល់សហគមន៍បានមួយចំណែកធំ ជាពិសេសរក្សា និងការពារពូជត្រីទឹកសាបបានច្រើនប្រភេទទៀតផង។

លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលម្ចាស់ចំការពោត និងម្ចាស់ស្រែទទួលបាននាពេលនេះ ទិន្នផលមានការកើនឡើង ទីផ្សារផលិត ផលល្អ និងនិរន្តរភាពនៃប្រាក់ចំណូលក្នុងគ្រួសារ។ លោករដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏ដូចជាលោកអភិបាលខេត្ត បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យពួកគាត់ខិតខំបន្ថែមទៀត ដើម្បីចូលរួមធ្វើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ សម្រេចទទួលបានជោគជ័យ។

ចំពោះការងារបច្ចេកទេស លោករដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តត្រូវឧស្សាហ៍ចុះមកពិនិត្យ តាមដាននៅលើរាល់សកម្មភាពបង្កបង្កើន ផលក្រែងប្រជាកសិករជួបប្រទះនូវបញ្ហា ហើយត្រូវសហការដោះស្រាយឱ្យបានទាន់ពេល។ នាឱកាសនេះ លោករដ្ឋមន្ត្រីបានជួយឧបត្ថម្ភទុនជូនដល់សហគមន៍កំពង់អុសពន្លឺច័ន្ទចំនួន ១លានរៀល និងលោកអភិបាលខេត្តចំនួន ៨០ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថា សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក លោក វេង សាខុន អមដំណើរដោយសហការី បានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃជារួមលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើ រួមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងការងារដឹកនាំ គ្រប់គ្រងមន្រ្តីរាជការ ការអនុវត្តបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្ត ដែលស្ថិតក្នុងចង្កោមអាទិភាពសំខាន់ៗនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា៕