(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងពីភាពជូរចត់ ឈឺចាប់ខ្លោចផ្សារ និរាស្តព្រាត់ប្រាស់ក្រុមគ្រួសារ នាដំណាក់កាលកម្ពុជា ក្រោមរបបដឹកនាំដ៏ខ្មៅងងឹងរបស់ខ្មែរក្រហមថា ទម្រាំមានថ្ងៃនេះ កម្ពុជាបានហែលឆ្លងនូវព្យុះភ្លៀងច្រើនរាប់ពុំអស់ ដែលពិបាករៀបរាប់ប្រាប់នូវទុក្ខវេទនាដែលប្រជាជនកម្ពុជា នាសម័យមុនបានឆ្លងកាត់ ព្រោះបទពិសោធន៍ទាំងនោះ ពោរពេញដោយភាពឈឺចាប់ខ្លោចផ្សាហួសប្រមាណ។
ការលើកឡើងបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដែលជាអតីតយុទ្ធជនមួយរូបបានលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិពីរបបអាវខ្មៅ គឺស្របពេលដែលប្រទេសកម្ពុជា ជិតដល់ថ្ងៃប្រារព្ធពិធីរំឮកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរ ប៉ុល ពត (២០ មិថុនា នាំ១៩៧៩ ២០ មិថុនា ២០២០ នៅតំបន់កោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមរយៈទំព័រ Facebook ផ្លូវការសម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ទម្រាំមានថ្ងៃនេះ កម្ពុជាបានហែលឆ្លងនូវព្យុះភ្លៀងច្រើនរាប់ពុំអស់ ដែលពិបាករៀបរាប់ប្រាប់នូវទុក្ខវេទនាដែលប្រជាជនកម្ពុជា នាសម័យមុនបានឆ្លងកាត់ ព្រោះបទពិសោធន៍ទាំងនោះ ពោរពេញដោយភាពឈឺចាប់ខ្លោចផ្សាហួសប្រមាណ»។
ជាមួយគ្នានឹងការលើកឡើងពីភាពឈឺចាប់ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់កងទ័ព និងប្រជាជនកម្ពុជាទាំងអស់ ខិតខំប្រឹងប្រែងថែរក្សាសន្តិភាព ដែលមានក្នុងពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យឋិតថេរចីរកាល បន្តទៀត ដើម្បីដឹកនាំចង្កូតនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ៕