(ភ្នំពេញ)៖ ក្រោយការប្រកាសចូលកាន់តំណែងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានចេញមកគូសបញ្ជាក់ថា គោលដៅចម្បងរបស់យុវជនគណបក្សប្រជាជនកម្ពុជាមានចំនួនពីរ គឺរក្សាសមិទ្ធផលដែលមាន និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត។
ជាមួយនឹងរូបភាពប្រកាសតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាច្រើនសន្លឹក លោក ហ៊ុន ម៉ាណែត បានសរសេរលើ Facebook ថា គោលដៅចម្បងដែលយុវជនគណបក្សប្រជាជនគ្រប់ជំនាន់ត្រូវប្រកាន់ឱ្យជាប់ គឺថែរក្សាឱ្យបានដាច់ខាតនូវរាល់សមិទ្ធិផលដែល សម្រេចបានដោយគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំកសាងប្រទេស និងដែលមានចូលរួមយ៉ាងសកម្មរបស់យុវជនគណបក្សគ្រប់ជំនាន់។
គោលដៅចម្បងមួយទៀត គឺបន្តបន្តពង្រឹង និងពង្រីកសមិទ្ធិផលថ្មីៗរបស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនអោយបានកាន់តែល្អប្រសើរឡើង។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជាប្រកាសតែងតាំង ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជាផ្លូវការ។
ពិធីប្រកាសតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជំនួសលោក កែ ប៊ុនខៀង ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បច្ចុប្បន្នមានតួនាទីក្នុងកងយោធពលខេមរភូមិន្ទ ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ លោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។
ដោយឡែក លោក កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារទៅកាន់តួនាទីចាស់របស់លោកជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា៕