(ភ្នំពេញ)៖ លោក អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានរាធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានជំរុញឱ្យប្រជាពលរដ្ឋបន្តការពារខ្លួន និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលកំពុងវាយប្រហារជាសកល។
ការប្រកាសបែបនេះរបស់លោក អ៉ិត សំហេង ត្រូវបានក្នុងពិធីចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងខណ្ឌបឹងកេងកងចំនួន ១៩២ គ្រួសារ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង។
លោក អ៉ិត សំហេង បានឱ្យដឹងថា ប្រជាពលរដ្ឋត្រូវតែបន្តរក្សាឱ្យបាននូវវិធានការណ៍អនាម័យ ដើម្បីសុខសុវត្ថិភាព ត្រូវតែពាក់ម៉ាសរៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ និងអាល់កុលឱ្យបានញឹកញាប់។ លោករំលឹកថាកូវីដ-១៩ គឺជាជំងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ព្រោះមានលក្ខណៈឆ្លងរហ័ស មិនថាអ្នកមានឬអ្នកក្រ ចាស់ឬក្មេងសុទ្ធតែអាចប្រឈមនឹងការឆ្លង ប្រសិនណាមិនបានការពារឱ្យបានខ្ជាប់ខ្ជួន។
លោករដ្ឋមន្ត្រីបានបន្ថែមឱ្យដឹងថា តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្ដេចបានលើកឡើងនូវពាក្យស្លោកមួយថា មិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះ ឬដាច់ស្បៀងដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក៏ដូចជាពីសំណាក់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាឡើយ។
ក្នុងឱកាសនេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តរក្សានូវវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល កុំឲ្យឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនេះ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ។
ចំពោះអំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រទាំង ១៩២ គ្រួសារនេះ ដោយមួយគ្រួសារទទួលបានសម្ភារៈ ដូចជា អង្ករ ១០គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៉ីវ ១ដប ត្រីខ ២កំប៉ុង ស្ករស ១គីឡូក្រាម អំបិល ១គីឡូក្រាម មី ១០កញ្ចប់ សាប៊ូ ១ដុំ ម៉ាស ១០សន្លឹក ក្រមា ១ អាល់កុល ១ដបតូច ថវិកា ២០,០០០រៀល៕