(ភ្នំពេញ)៖ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដែលងាយបង្កគ្រោះថ្នាក់ ជាយថាហេតុណាមួយ។
ការអំពាវនាវបែបនេះរបស់ លោក ថេង សុថុល បានធ្វើឡើងនៅក្នុងពិធីចែកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅក្នុងមូលដ្ឋានសង្កាត់ទាំង០៥ នៃខណ្ឌចំការមន។
លោកបានបន្ថែមឱ្យដឹងថា ដោយសារតែរដូវវស្សា បានចូលមកដល់ ដូច្នេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់មើលថែទាំកូនចៅតូចៗជាមួយនឹងការតបណ្តាញភ្លើងអគ្គីសនី សូមឱ្យមានតាមលក្ខណៈបច្ចេកទេសចៀសវាងមានការឆ្លងចរន្ត នៅពេលមានភ្លៀងធ្លាក់ ឬខ្យល់កន្ត្រាក់អាចបណ្តាលឱ្យបាក់ដើមឈើបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតកូនចៅតូចៗ ដែលមិនដឹងក្តីជាដើម។
លោក ថេង សុថុល ក៏បានរំឮកដល់ប្រជាពលរដ្ឋនៅពេលមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអាចឱ្យក្រុមការងារចុះជួយអន្តរាគមន៍ដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។
លោក ថេង សុថុល ក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់អត់ស្បៀងស្លាប់នោះទេ គឺត្រូវធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ចំពោះប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការភាព ដែលមានទុក្ខលំបាកជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីឡើយ។
ពាក់ព័ន្ធនឹងរដូវវស្សានេះផងដែរ លោក ថេង សុថុល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវបញ្ចេញសំរាមទៅតាមពេលវេលាដែលរថយន្តមកប្រមូលសំរាម ចៀសវាងទុកចោលនៅខាងមុខផ្ទះ នៅពេលដែលមានភ្លៀងធ្លាក់អាចបណ្តាលឱ្យហូរចូលក្នុងលូបណ្តាលឱ្យស្ទះលូ ។
ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុល ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩ ខណៈពេលដែលមេរោគនេះ បានឆ្លងទៅលើមនុស្សនៅលើពិភពលោកជាង ៧លាននាក់ និងបានសម្លាប់មនុស្សជាង ៤២ម៉ឺននាក់ផងដែរ។
លោក សុន សិទ្ឋី នាយករដ្ឋបាលខណ្ឌចំការមន បានឱ្យដឹងថា អំណោយដែលអនុសាខាកាកបាទក្រហម នាំយកផ្តល់ជូនប្រជាពលរដ្ឋទាំង ៥០គ្រួសារ មកពីសង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន នាពេលនេះ ក្នុង០១ គ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ស្កសរ ០១គីឡូក្រាម ទឹកត្រី០១ដប ទឹកស៊ីអ៊ីវ ០១ដប មី០៥កញ្ចប់ ត្រីខ០១កំប៉ុង ម៉ាសចំនួន១០ម៉ាស និងថវិកាមួយចំនួនផងដែរ៕