(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បញ្ជាអភិបាលរងទទួលបន្ទុកសុខាភិបាល, ប្រធានមន្ទីរសុខាភិបាល និងអភិបាលខណ្ឌទាំង១៤ ចុះពិនិត្យ និងបិទអាជីវកម្មជាបន្ទាន់ ចំពោះពេទ្យធ្មេញ ជាងធ្មេញ គ្លីនិកអត់ច្បាប់ និងឱសថស្ថានគ្មានច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីកុំឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតដល់ប្រជាពលរដ្ឋ។
ក្នុងពិធីប្រកាស «ផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល ស្ថិតក្រោមរចនសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ» នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក ឃួង ស្រេង បានអះអាងថា បច្ចុប្បន្នលោកសង្កេតឃើញថា អាជីវកម្មមួយចំនួនកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ ដែលក្នុងអាចមានមួយចំនួនគ្មានច្បាប់អនុញ្ញាត ហើយត្រូវពិនិត្យចាត់វិធានការណ៍ ជាបន្ទាន់។
លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ពេទ្យធ្មេញ ឬជាងធ្មេញខ្លះមិនបានមានវិជ្ជាជីវៈត្រឹមត្រូវ មន្ទីរសុខាភិបាលត្រូវបិទឲ្យអស់ចំណុចនេះ។ ឥឡូវនេះ កូវីដ១៩ បើយកពេទ្យធ្មេញគ្មានវិជ្ជាជីវៈ ទៅមើលធ្មេញទៀតរឹតតែមានបញ្ហា ដូច្នេះមន្ទីរសុខាភិបាលលុបបំបាត់ឲ្យខានតែបាន។ ក្នុងនោះ ខណ្ឌទាំង១៤ ត្រូវមើលបញ្ហានេះ មិនមែនតែបញ្ហាពេទ្យធ្មេញមួយនោះទេ គ្លីនិកដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវត្រូវបិទ»។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ទីរសុខាភិបាលត្រូវធ្វើកិច្ចការងារនេះឲ្យបានច្បាស់លាស់ ដើម្បីធានាថា ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កុំឲ្យមានបទល្មើសកើតឡើង ហើយអភិបាលខណ្ឌទាំង១៤ ក៏ត្រូវដឹងច្បាស់ថា នៅក្នុងដែនសមត្ថកិច្ចមានគ្លីនិចប៉ុន្មាន ផ្នែកអ្វីខ្លះ មានច្បាប់ ឬគ្មានច្បាប់ ត្រួតពិនិត្យបញ្ហានេះមិនបណ្តោយស្រេចតែចិត្តនោះឡើយ។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង បានកោតសរសើរប្រតិបត្តិករដែលមានក្រុមគ្រូពេទ្យ ខិតខំប្រឹងប្រែង ក្នុងយុគ្គសម័យកូវីដ១៩នេះ ដោយរាជធានីភ្នំពេញ មានទំនួលខុសត្រូវ ក្នុងការព្យាបាលអ្នកជំងឺ រហូតទទួលការកោតសរសើរពីតំបន់ ក៏ដូចជាពីបរទេសផងដែរ៕