(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនមួយក្រុម បានចុះអនុវត្តដីការបស់ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនស្រ្តីម្នាក់ដែលជាជនសង្ស័យលើករណី គំរាមកំហែង ជេរប្រមាថ និងញុះញង់ឲ្យមានការរើសអើង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ប្រតិបត្តិការនេះ បានទទួលបរាជ័យទៅវិញដោយសារតែជនសង្ស័យ និងបក្ខពួក បានតដៃហើយមិនឱ្យសមត្ថកិច្ចចាប់ខ្លួនឡើយ។
ករណីប្លែកថ្មីនេះ បានកើតឡើងនៅចំណុចផ្សារបាត់ដឹងឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលជនសង្ស័យមានឈ្មោះ យឹម អេង ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ។ ជនសង្ស័យត្រូវបាន លោក កែវ សុធា ចោទប្រកាន់ពីបទគំរាមកំហែង ជេរប្រមាថ និងញុះញង់ឲ្យមានការរើសអើង ហើយចេញដីកាកាលពីថ្ងៃទី១២ ខែមិថុន ឆ្នាំ២០២០ បង្គាប់ឱ្យចូលខ្លួននៅមុនថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។
បើតាមសមត្ថកិច្ច ខណៈដែលចុះអនុវត្តដីកា ដើម្បីឃាត់ខ្លួនស្រ្តីខាងលើនេះ ស្រ្តីឈ្មោះ យឹម អេង និងបក្ខពួក បានប្រឆាំងមិនឱ្យមានការឃាត់ខ្លួនឡើយ ព្រមទាំងក្របួចក និងព្រមានសមត្ថកិច្ចដែលចុះអនុវត្តដីកា ដើម្បីឃាត់ខ្លួននេះថែមទៀត។ ទោះជាយ៉ាងនេះក្តី ករណីនេះ Fresh News មិនទាន់សុំការបំភ្លឺពីស្រ្តីឈ្មោះ យឹម អេង បាននៅឡើយ។
ស្រ្តីឈ្មោះ យឹម អេង ត្រូវបានឈ្មោះឡេង ម៉ូវ អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋាននៅភូមិបាត់ដឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដាក់ពាក្យបណ្តឹងថា បានជេរប្រមាថ និងគំរាមកំហែងរូបគាត់ ដែលជាមនុស្សចាស់ តាមសារ Messenger នាពេលកន្លងទៅ។
តាមពាក្យបណ្តឹងខាងលើ គឺជនរងគ្រោះ បានប្តឹងទាមទារឲ្យមានការសុំទោសជាសាធារណៈ និងទាមទារសេវាកម្មផ្លូវច្បាប់ ថ្លៃទាមទាខាតបង់ពេលវេលា សំណងជំងឺចិត្ត ការប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូ និងការខូចខាតប្រយោជន៍ផ្សេងៗចំនួនមួយលានដុល្លារអាមេរិក៕