(ពោធិ៍សាត់)៖ លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញមកចុះពិនិត្យ អំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្ម «រស្មីកសិករ» ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយសមាជិកសហគមន៍ ដែលភាគច្រើនជាអ្នកផលិតស្រូវពូជ បានឲ្យដឹងថា បច្ចុប្បន្នសហគមន៍ មានសមាជិកចំនួន៦១នាក់ មានភាគហ៊ុនចំនួន២៣៤ និងដើមទុនសរុបចំនួន ជាង៥០លានរៀល។

ឆ្នាំ២០១៩ សមាជិកសហគមន៍ បានផលិតគ្រាប់ពូជស្រូវសែនក្រអូប ដោយប្រើគ្រាប់ពូជគ្រឹះលើផ្ទៃដីចំនួន ៣ហិកតា ទទួលបានទិន្នផលមធ្យមចំនួន៣.៥០តោន ក្នុងមួយហិកតា ធ្វើបានពីរដងក្នុង១ឆ្នាំ សម្រាប់ប្រើប្រាស់ខ្លួនឯង និងលក់ចែកចាយជូនសមាជិក និងកសិករផ្សេងទៀតទាំងក្នុង និងក្រៅភូមិផងដែរ។

ក្នុងគោលបំណងបង្កើនគុណភាពគ្រាប់ពូជស្រូវ សម្រាប់ឆ្នាំ២០២០នេះ សហគមន៍បានសាកល្បងផលិតគ្រាប់ពូជស្រូវ សែនក្រអូបវិញ្ញាបនបត្រ ដោយប្រើគ្រាប់ពូជគ្រឹះចំនួន៤០គីឡូក្រាម លើផ្ទៃដី៣ហិកតា ដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម។

ដោយឡែក ការផលិតស្រូវចំណីវិញ សហគមន៍ប្រើពូជសែនក្រអូប លើផ្ទៃដី៦៥ហិកតា ទទួលបានទិន្នផលមធ្យមជាង៤តោន ក្នុងមួយហិកតា ដោយអនុវត្តបាន ២ទៅ៣ដងក្នុងឆ្នាំ ហើយតម្លៃស្រូវសើមពី៩០០ ទៅ១,២០០រៀល ក្នុងមួយគីឡូក្រាម។

លោក ជា សុគន ជាសមាជិកសហគមន៍ បានឲ្យដឹងថា គាត់បានចូលរួមក្នុងការផលិតគ្រាប់ពូជស្រូវ និងស្រូវចំណីនេះផងដែរ លើផ្ទៃដី៥ហិកតា ដោយទទួលបានទិន្នផល ជាមធ្យម៤តោនក្នុងមួយហិកតា។ ជាទូទៅ សហគមន៍នេះ ប្រើប្រាស់ប្រព័ន្ធស្រោមស្រពចារឹក ដែលមានប្រភពពីស្ទឹងពោធិ៍សាត់។

ក្រៅពីដំណាំស្រូវ សមាជិកសហគមន៍មួយចំនួន បានចិញ្ចឹមមាន់ យកសាច់ យកស៊ុតភ្ញាស់កូន និងជ្រូកយកសាច់ជាលក្ខណៈគ្រួសារ ហើយនិងកំពុងតភ្ជាប់បណ្ដាញអគ្គិសនីអនុគ្រោះថ្លៃ ផលិតកម្មកសិកម្មសម្រាប់បម្រើ ការស្រោចស្រព ទឹកលើដំណាំកសិកម្ម។

ឃើញជាក់ច្បាស់ នូវរាល់សមិទ្ធផលសំខាន់ៗ ដែលសហគមន៍សម្រេចបានទាំងដំណាំស្រូវ (ស្រូវពូជ និងស្រូវចំណី) និងការចិញ្ចឹមសត្វ លោករដ្ឋមន្ត្រី វេង សាខុន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងពីគ្រប់សមាជិក ធ្វើឲ្យកម្រិតជីវភាពត្រូវបានលើកកម្ពស់យ៉ាងល្អប្រសើរ។

លោករដ្ឋមន្ដ្រី វេង សាខុន បានបន្តទៀតថា នេះគឺអ្វីដែលរាជរដ្ឋាភិបាលចង់បាន និងចង់ឃើញប្រជាពលរដ្ឋ ដែលបាននិងកំពុងជ្រកក្រោមម្លប់សុខសន្តិភាពនេះ រស់នៅប្រកបដោយភាពសុខសាន្ត ជីវភាពសម្បូរសប្បាយ មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ។

ហេតុនេះ លោករដ្ឋមន្ត្រី វេង សាខុន ស្នើសុំឲ្យប្រជាពលរដ្ឋយើងទាំងអស់គ្នា ត្រូវចូលរួមការពារឲ្យបាននូវសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។

ចំពោះផលិតកម្មដំណាំស្រូវទាំងស្រូវពូជ និងស្រូវចំណី លោករដ្ឋមន្ត្រី វេង សាខុន ស្នើសុំឲ្យសហគមន៍ អនុវត្តន៍ផលិតកម្មកសិកម្ម តាមកិច្ចសន្យា ដើម្បីធានាតម្លៃ និងនិរន្តរភាព នៃបរិមាណផ្គត់ផ្គង់។

ដោយឡែក ចំពោះការងារបច្ចេកទេស លោក វេង សាខុន ស្នើឲ្យសហគមន៍ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រើប្រាស់ឧបករណ៍ព្រោះស្រូវ (drumseeder) ដោយភ្ជាប់ជាមួយគោយន្ត ប្រយោជន៍ចំណេញពេល ពលកម្ម ងាយស្រួលកំចាត់ស្មៅចង្រៃ និងទទួលបានទិន្នផលខ្ពស់។

ជាពិសេសត្រូវកែសម្រួលប្រឡាយស្រោចស្រព ឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន ដែលត្រូវធ្វើយ៉ាងណាបូមទឹកម្តងឲ្យចូលស្រែតែម្តង ជៀសវៀងបូមពីរ ទៅបីដងទើបចូលស្រែ ដែលត្រូវចំណាយថវិកាអស់ច្រើន៕