(ភ្នំពេញ)៖ ទីតាំងសិប្បកម្មផលិតស្រាចិនសែន «តាំងគួយ» ដែលបង្កឲ្យពុលស្លាប់មនុស្សជាបន្តបន្ទាប់ចំនួន៧នាក់ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវបានសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបឆែកឆេរជាបន្តបន្ទាប់នៅតាមបណ្តាលខេត្ត និងឈានមកឆែកឆេរ ទីតាំងសិប្បកម្មនៅក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នៅរាជធានីភ្នំពេញ។
ប្រតិបត្តិការចុះឆែកឆេរទីតាំងផលិត និងចែកចាយស្រាលថ្នាំចិនសែនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដឹកនាំថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក ប ប និងលោក ហេង មាលី ប្រធានសាខា ក ប ប នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងមានការសម្របសម្រួលដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម សហការពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានរាជធានីភ្នំពេញ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងមានការចូលរួមពីសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានផងដែរ។
ដោយនៅក្នុងប្រតិបត្តិការឆែកឆេរនេះ សមត្ថកិច្ចបានរកឃើញសម្ភារមួយមួយចំនួន ដែលបន្សល់ទុក បន្ទាប់ពីម្ចាស់បំផ្លាញចោលហើយបិទទ្វារ។
គួរបញ្ចាក់ថា កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចចម្រុះ បានធ្វើការឡោមព័ទ្ធទីតាំងនោះ និងចុះឆែកឆេរទីតាំងខាងលើ ដោយសារតែម្ចាស់ដឹងខ្លួនមុន បានចាក់សោរទ្វាគេចខ្លួនបាត់ ទើបសមត្ថកិច្ចពន្យាពេល ទើបចុះឆែកឆេរនៅព្រឹកនេះ។
តាមលោក សាយ ណូរ៉ា ព្រះអាជ្ញារងឲ្យដឹងថា ទោះបីម្ចាស់ដឹងខ្លួនហើយ បំផ្លាញវត្ថុតាងយ៉ាងណាក៏ដោយ មិនអស់ដែរ ហើយសមត្ថកិច្ចបានរងឃើញ ភស្តុតាងជាច្រើនទៀតដែលបានបន្សល់ទុក។
លោក សាយ ណូរ៉ា បានបន្តទៀតថា រហូតមកដល់ថ្ងៃនេះ មានមនុស្សចំនួន ៧នាក់ហើយបានស្លាប់ និងជាង ៤០នាក់ទៀតកំពង់សង្គ្រោះបន្ទាន់ ដោយសាតែពុលស្រាថ្នាំចិនសែតាំងគួយនេះ៕