(ភ្នំពេញ)៖ ជាផ្នែកមួយនៃការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី៦នៅឆ្នាំនេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាគ្រោងនឹងរៀបចំសប្តាហ៍យោគៈ ចាប់ពីថ្ងៃទី១៥-២០ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ និងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តសៀមរាប។

ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ លោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានឱ្យដឹងថា ទិវាយោគៈអន្តរជាតិត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី២១ ខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីគុណប្រយោជន៍ខាងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលបានមកពីការហាត់យោគៈរបស់ឥណ្ឌាបុរាណ។

លោកស្រីបានបន្ថែមទៀតថា ដោយសារតែការរីករាលដាលនៃជំងឺផ្តាសាយកូវីដ-១៩ ទើបប្រធានបទឆ្នាំនេះរៀបចំក្រោមប្រធានបទ «យោគៈនៅផ្ទះ យោគៈជាមួយក្រុមគ្រួសារ»។ នៅឆ្នាំនេះស្ថានទូតឥណ្ឌានឹងរៀបចំសប្តាហ៍យោគៈនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងទ្រង់ទ្រាយតូច ដោយតម្រូវឱ្យចូលរួម និងរក្សាគម្លាតសង្គមដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាលរាជរដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំនេះ ព្រឹត្តិការណ៍ចម្បងមានចំនួន ២ ដែលប្រព្រឹត្តទៅនៅវត្តភ្នំ រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមិថុនាឆ្នាំ ២០២០ និងនៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២០។

យោគៈ ត្រូវបានគេចាត់ទុកថាជាការអនុវត្តតាមបែបបុរាណមួយ ដែលមានដើមកំណើតនៅប្រទេសឥណ្ឌា ប្រហែលតាំងពី ៥,០០០ ឆ្នាំមុន។ ទម្រង់បុរាណនៃការហាត់ប្រាណសុខភាពនេះ គឺជាក្បួនវិន័យខាងវិញ្ញាណដែលផ្តោតលើការនាំមកនូវភាពសុខដុមរវាងរាងកាយ និងចិត្ត។ វាក៏រួមបញ្ចូលនូវបច្ចេកទេសផ្សេងៗគ្នាដែលគេហៅថាអាសាណា (ក្បាច់) និងការបណ្តុះបណ្តាលចិត្ត តាមរយៈបច្ចេកទេសដកដង្ហើម និងការធ្វើសមាធិ។

សម្រាប់លោកនាយករដ្ឋមន្រ្តី នរិន្ទ្រៈ ម៉ូឌី យោគៈ គឺជាអំណោយដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៃប្រពៃណីបុរាណរបស់ឥណ្ឌា។ វាតំណាងឱ្យការរួបរួមចិត្ត និងរាងកាយ ការគិត និងសកម្មភាព ការអត់ធ្មត់ និងការបំពេញ ភាពសុខដុមរវាងមនុស្ស និងធម្មជាតិដែលជាវិធីសាស្រ្តរួមមួយចំពោះសុខភាព និងសុខុមាលភាព។ វាមិនមែនផ្តោតអំពីតែការធ្វើលំហាត់ប្រាណនោះទេ ប៉ុន្តែដើម្បីស្វែងយល់ពីអារម្មណ៍នៃភាពតែមួយជាមួយខ្លួនអ្នក ពិភពលោក និងធម្មជាតិ។ យោគៈមិនផ្តោតលើប្រព័ន្ធសាសនា ឬជំនឿជាក់លាក់ណាមួយឡើយ។

យោគៈហាក់បីដូចជាបច្ចេកវិទ្យាសម្រាប់សុខុមាលភាពខាងក្នុងខ្លួនមនុស្ស។ ហើយវាកំពុងតែមានសារៈសំខាន់ ខណៈពេលដែលមានជំងឺរាតត្បាតទូទាំងពិភពលោកនេះ ព្រោះយោគៈត្រូវបានគេទទួលស្គាល់ថាជាឧបករណ៍សំខាន់ក្នុងការថែរក្សាសុខភាពល្អ សម្រាប់បង្កើនប្រព័ន្ធភាពស៊ាំ និងបន្ថយភាពតានតឹង។

គំនិតផ្តួចផ្តើមធ្វើទិវា យោគៈអន្តរជាតិត្រូវបានជំរុញដោយនាយករដ្ឋមន្រ្តីឥណ្ឌា នរិន្ទ្រៈ ម៉ូឌី ក្នុងសុន្ទរកថារបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៤។ ជារួម គំនិតនេះទទួលបានការគាំទ្រពី ១៧៧ ប្រទេស ដែលជាចំនួនគាំទ្រខ្ពស់បំផុតសម្រាប់អង្គការសហប្រជាជាតិ ដោយធ្វើសេចក្តីសម្រេចប្រកាសថ្ងៃទី២១ ខែមិថុនា ជាទិវាយោគៈអន្តរជាតិ។ ថ្ងៃទី២១ ខែមិថុនា ត្រូវបានគេជ្រើសរើសថាជារដូវក្តៅ ដែលត្រូវបានគេចាត់ទុកថាជាថ្ងៃដ៏សំខាន់មួយនៅក្នុងទេវកថាឥណ្ឌាផងដែរ ព្រោះវាជាព្រឹត្តិការណ៍មួយដែលត្រូវបានគេចាត់ទុកថាជាការចាប់ផ្តើមនៃវិទ្យាសាស្ត្រយោគៈ។

ទិវាយោគៈអន្តរជាតិចំនួន ៥ លើក ត្រូវបានប្រារព្ធធ្វើដោយជោគជ័យនៅប្រទេសកម្ពុជា ដោយស្ថានទូតឥណ្ឌាសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំ យុវជន និងកីឡា។ ព្រឹត្តិការណ៍ទាំងនេះទទួលបានការចូលរួមយ៉ាងច្រើនលើសលុបក្នុងកំលុងឆ្នាំទាំងអស់នេះ ហើយបានទទួលការពេញនិយមយ៉ាងខ្លាំង ដោយសារតែសារៈប្រយោជន៍ សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តគាំទ្រដល់ការលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តយោគៈ។

នៅឆ្នាំនេះមានការការប្រកួតប្រជែងសំណួរតាមអ៉ីនធឺរណេត និងការប្រកួតប្រជែងថតរូបល្អបំផុតលើការហាត់ក្បាច់យោគៈ ដោយនឹងត្រូវបានដំណើរការចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

លទ្ធផលនឹងត្រូវប្រកាសជាផ្លូវការ៖
* គេហទំព័រ https://www.indembpp.gov.in/
* ទំព័រ Facebook៖ IndiainCambodia
* Twitter៖ @indembcam និងសម្រាប់ពត៌មានបន្ថែមអំពីទិវាយោគៈអន្តរជាតិ៕