(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតផ្លូវការមួយជូនអភិបាលរាជធានីខេត្តទាំងអស់ ឲ្យអនុវត្តន៍គោលការណ៍ណែនាំ ស្ដីពីការពង្រឹងការតាមដាន និងទប់ស្កាត់ការពុលស្រាមានសារធាតុមេតាណុលកម្រិតខ្ពស់។ នេះបើតាមលិខិតរបស់លោក ម៉ម ប៊ុនហេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមិថុនានេះ។

លោក ម៉ម ប៊ុនហេង បានលើកឡើងថា កន្លងមកក្រសួងសុខាភិបាល បានសង្កេតឃើញថាមានការផ្ទុះ ឡើងនូវការពុលស្រា បណ្ដាលមកពីមានសារធាតុមេតាណុល ក្នុងស្រាលើសកម្រិតដែល អាចបណ្ដាលឱ្យប៉ះពាល់សុខភាពរហូតដល់បាត់បង់ជីវិត ចំពោះអ្នកហូបស្រាទាំងនោះ ដូចជាករណីពុលស្រានៅខេត្តកំពង់ឆ្នាំង ក្រចេះ និងក្នុងពេលថ្មីៗនេះ នៅខេត្តបន្ទាយមានជ័យ ដែលក្រសួងបានរកឃើញថា ក្នុងស្រាទាំងនោះ មានកម្រិតមេតាណុលខ្ពស់ បណ្ដាលឱ្យអ្នកហូបមួយចំនួនបាត់បង់ជីវិត។

លោករដ្ឋមន្ត្រីបន្តថា ដើម្បីទប់ស្កាត់ការពុលស្រា ដែលបណ្ដាលមកពីមានសារធាតុមេតាណុល ក្រសួងសុខាភិបាលបានដាក់ចេញ នូវគោលការណ៍ណែនាំ៦ចំណុចដូចខាងក្រោម៖

* ទី១៖ ត្រូវធ្វើការផ្សព្វផ្សាយណែនាំអប់រំ យ៉ាងណាឱ្យប្រជាជនមានការយល់ដឹង និងមានការចូលរួមក្នុងការទប់ស្កាត់បញ្ហាពុលស្រា
* ទី២៖ កាត់បន្ថយ ឬជៀសវាងការបរិភោគស្រា នៅក្នុងពិធីបុណ្យផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន
* ទី៣៖ តម្រង់ទិសទៅរកការកាត់បន្ថយនូវហានិភ័យ គឺត្រូវឱ្យអ្នកហូបស្រាយល់ដឹងពីគ្រោះថ្នាក់ និងផលវិបាកដែលបណ្ដាលមកពីគ្រឿងស្រវឹង ដូចជាការប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ កេរ្តិ៍ឈ្មោះ និងអាយុជីវិត
* ទី៤៖ ពិនិត្យ និងរៀបចំខ្សែសង្វាក់ផលិតកម្មស្រា ឱ្យបានត្រឹមត្រូវ និងគោរពតាមក្បួនច្បាប់ គោលការណ៍អនុវត្តអនាម័យល្អ
* ទី៥៖ បង្កើតយន្តការឆ្លើយតប និងត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម និងការចែកបាយស្រាឱ្យ បានទាន់ពេលវេលា និងទៀងទាត់ប្រកបដោយប្រសិទ្ធភាព
* ទី៦៖ ត្រូវមានការចូលរួមសហការ និងទំនាក់ទំនងល្អរវាងផ្នែកពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលសង្ឃឹមថា បន្ទាប់ពីទទួលបាននូវគោលការណ៍ណែនាំនេះ អភិបាលរាជធានី ខេត្ត ធ្វើការណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីចាត់ចែងអនុវត្តតាមខ្លឹមសារគោលការណ៍ណែនាំ ប្រកបដោយការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ការពុលស្រា ដែលមកពីមានកម្រិតជាតិមេតាណុលខ្ពស់។

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ អ្នកពុលស្រាថ្នាំចិនសែតាំងគួយ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនរហូតដល់៤១នាក់ហើយ (ស្រី៣នាក់) ក្នុងនោះបានបណ្តាលឱ្យស្លាប់៧នាក់៕