(កណ្ដាល)៖ ដោយទទួលបានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលក្នុងការចែករម្លែក ចុះជួយ ឧបត្ថម្ភផ្សេងៗដល់គ្រួសាររាជអាវុធហត្ថខេត្តកណ្ដាលដែលមានធុរៈផ្សេងៗ។
ជាក់ស្ដែងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល នាំយកថវិកា និងសម្ភារមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេ និងមានជំងឺចំនួន២គ្រួសាររួមមាន៖
*ទី១៖ គ្រួសារឆ្លងទន្លេ លោក រិន រដ្ឋា ជំនួយការមូលដ្ឋានស្រុកស្អាង ទទួលបានថវិកាចំនួន ១,១០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ទី២៖ លោកអនុសេនីយ៍ឯក ប៉ុក តេង មេបញ្ជាការរងមូលដ្ឋានស្រុកកៀនស្វាយ មានជំងឺបាក់ឆ្អឹងជើង ទទួលបានថវិកា ២,៣៤០,០០០រៀល និងសម្ភារមួយចំនួនទៀត ស្ថិតនៅភូមិពោងៀវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្នុងឱកាសនោះដែរ ក្រុមគ្រួសារទាំងពីរ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕