(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សេង ផល្លី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ បានផ្ញើសារលិខិតអបអរសាទរចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។
ក្នុងសារលិខិតអបអរសាទរបានឱ្យដឹងថា «យើងខ្ញុំទាំងអស់គ្នាសូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ដែលការតែងតាំង និងដំឡើងឋានៈនេះ ពិតជាបានឆ្លុះបញ្ចាំងនូវមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារយុវជនគ្រប់មជ្ឈដ្ឋាន ជាពិសេសផ្តល់ការហ្វឹកហ្វឺន បណ្ដុះបណ្ដាលកម្លាំងប្រាជ្ញាស្មារតី ពង្រឹងគោលជំហរស្នេហាជាតិ និងផ្ដល់ឱកាសដល់យុវជន បានចូលរួមគ្រប់សកម្មភាពនយោបាយរបស់គណបក្សគ្រប់កាលៈទេសៈ ក្នុងគោលដៅលើកស្ទួយយុវជនជាទំពាំងស្នងឫស្សីបន្តវេន ដើម្បីដឹកនាំជោគវាសនារបស់ប្រទេសជាតិនាពេលអនាគត»។
ជាថ្មីម្ដងទៀតយើងទាំងអស់សូមចួលរួមអបអរសាទរ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសេចក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនេះពិតជាបានឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងតស៊ូព្យាយាម អំណត់អត់ធន់គ្រប់ស្ថានការណ៍ទាំងអស់។
លោកបានបញ្ជាក់ថា «ឯកឧត្តមបណ្ឌិតប្រធាន ហ៊ុន ម៉ាណែត ជានិម្មិតរូបដ៏ល្អសម្រាប់យើងទាំងអស់គ្នាយកជាគំរូ និងរៀនសូត្រតាមគន្លងធម៌ដ៏វិសេសវិសាលនេះ។ យើងទាំងអស់គ្នាសូមប្តេជ្ញាគាំទ្រ និងគោរពរាល់បទបញ្ជារបស់ឯកឧត្តមប្រធានគ្រប់កាលៈទេសៈដោយឥតងាករេ»៕