(ភ្នំពេញ)៖ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃក្រសួងទូរគមនាគមន៍នៃសមាជិកអាស៊ានទាំង ១០ ព្រមទាំងជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃសាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ការឯកភាពគ្នាថា «បច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់សេដ្ឋកិច្ចយ៉ាងសំខាន់» ដែលត្រូវជំរុញការប្រើប្រាស់ឱ្យបានផុសផុល នៅក្នុងដំណាក់កាលដែលពិភពលោកជួបនឹងវិបត្តិជំងឺកូវីដ-១៩ និងត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតសម្រាប់អនាគតតទៅមុខ។
ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងពិធីបើកសម្ពោធឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាន តាមរយៈសន្និសីទវីដេអូ (Video conference) ដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំខាងលើ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់កម្ពុជា លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចូលរួមដោយផ្ទាល់តាមរយៈសន្និសីទវីដេអូនេះផងដែរ។
បើតាមក្រសួងប្រៃសណីយ៍កម្ពុជា ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-អាស៊ាននេះ ត្រូវបានរៀបចំឡើងឆ្លើយតបនឹងសភាពការណ៍ ដែលសមាជិកទាំងអស់អះអាងជាថ្មីអំពីសារសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
អង្គសន្និសីទបានឱ្យដឹងថា ប្រទេសសមាជិកអាស៊ាន និងចិនបានឯកភាពគ្នាថា «បច្ចេកវិទ្យាឌីជីថល គឺជាឃ្នាស់សេដ្ឋកិច្ចយ៉ាងសំខាន់ ជាពិសេសត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងដំណាក់កាលដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩»។
បច្ចេកវិទ្យាឌីជីថល និងសេដ្ឋកិច្ចឌីជីថល បង្កើតឱកាសសេដ្ឋកិច្ចយ៉ាងសម្បូរបែប ហើយអាចជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់កាន់តែប្រសើរឡើង។ នេះបើតាមការបញ្ជាក់នៅក្នុងសន្និសីទខាងលើនេះ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជំរុញសមាជិកទាំងឱ្យសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីចាប់យកឱកាសពីយុគសម័យឌីជីថល ព្រមទាំងពង្រឹងភាពជាដៃគូក្នុងការកសាងឌីជីថលនីយកម្ម (Digitization) ក្នុងតំបន់ប្រកបដោយគុណតម្លៃ ទំនុកចិត្ត និងសុវត្ថិភាព៕