(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់បុរសម្នាក់ជាប្តីបានស្លាប់បាត់បង់ជីវិត និងស្ត្រីជាប្រពន្ធរួមជាមួយបងថ្លៃបានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យករណីនេះ បានកើតឡើងដោយសារគ្រោះធម្មជាតិរន្ទះបាញ់ នៅចំណុចព្រៃរំដួល ស្ថិតក្នុងភូមិរំដួលចាស់ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាលស្រុកបន្ទាយអំពិល បានបញ្ជាក់ឲ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់បានទៅចំការដូចសព្វដង ក្រោយមកផ្ទៃមេឃចាប់ផ្តើមខ្មៅស្រ័អព្ទលាយឡំភ្លៀងផ្គររន្ទះយ៉ាងខ្លាំង សំណាងអាក្រក់រន្ទះបានបាញ់ជនរងគ្រោះទាំង៣ បណ្តាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៣ មានឈ្មោះទី១៖ ឈ្មោះ ណូ ណយ ភេទប្រុស អាយុ១៩ឆ្នាំ (ជាប្តីស្លាប់), ទី២៖ ឈ្មោះ យិន សុភី ភេទស្រី អាយុ១៩ឆ្នាំ របួសធ្ងន់ (ជាប្រពន្ធ) និងទី៣៖ ឈ្មោះ មឺត ចំណាន ភេទប្រុស អាយុ២៦ឆ្នាំ រងរបួសធ្ងន់ន(ជាបងថ្លៃ) ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យកោសល្យវិច្ច័យទៅលើសាកសព ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន និងបានប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកលោក ឃ្លោក ហ៊ួត ប្រធានមន្ទីរសុខាភិបាល ខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅព្រលប់ថ្ងៃនេះថា ជនរងគ្រោះ២នាក់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះបានទាន់ពេលវេលា រហូតមកដល់ពេលនេះមានសភាពធម្មតាវិញហើយ៕