(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការបំផ្លាញសន្តិភាព គឺជាការងាយ តែការស្វែងរក និងរក្សាសន្តិភាពទើបជាការលំបាក ដូចមានឧទាហរណ៍ជាក់ស្តែង ចំពោះការបញ្ឆេះសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួន ដែលនៅតែមិនទាន់អាចបញ្ចប់បានរហូតដល់ពេលបច្ចុប្បន្ន បើទោះជាការប្រយុទ្ធគ្នាបានកើតឡើងអស់ជាច្រើនឆ្នាំ និងបានឆក់យកជីវិតជនស្លូតត្រង់រាប់ម៉ឺនសែននាក់។
ការលើកឡើងបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានអតីតក្រុមប្រឆាំង និងអ្នកវិភាគរត់ចោលស្រុកមួយចំនួនតូច បានវ៉ៃប្រហារ និងរិះគន់ទាំងងងឹតងងុល មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នថា ជាការដឹកនាំផ្តាច់ការបក្ខពួកនិយម ក្នុងន័យបញ្ជេះ ញុះញង់ឱ្យប្រជាពលរដ្ឋ ឱ្យស្អប់ខ្ពើមរដ្ឋាភិបាល និងបំភ្លៃការពិតដែលកម្ពុជា កំពុងតែមានក្នុងពេលបច្ចុប្បន្ននេះ។
ការញុះញង់ ការរិះគន់ទាំងងងឹតងងុល គ្មានសច្ចៈភាពរបស់ក្រុមប្រឆាំងនេះ គឺមិនបានផ្តល់ភាពយុត្តិធម៌ដល់ស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនផ្សេងៗទៀត ដែលបានលះបង់គ្រប់បែបយ៉ាង សូម្បីតែអាយុជីវិត និងក្រុមគ្រួសារ ដើម្បីបុព្វហេតុជាតិកម្ពុជា រហូតរំដោះប្រទេសចេញពីរបបខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់គ្មានត្រាប្រណី តាមរយៈនយោបាយឈ្នះ ឈ្នះ ដែលមានរយៈពេល២០ជាងមកនេះ បានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាដើម។
តាមរយៈទំព័រ Facebook ផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហោះនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «ការបំផ្លាញសន្តិភាព គឺជាការងាយ តែការស្វែងរក និងរក្សាសន្តិភាពទើបជាការលំបាក ដូចមានឧទាហរណ៍ជាក់ស្តែង ចំពោះការបញ្ឆេះសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួន ដែលនៅតែមិនទាន់អាចបញ្ចប់បានរហូតដល់ពេលបច្ចុប្បន្ន បើទោះជាការប្រយុទ្ធគ្នាបានកើតឡើងអស់ជាច្រើនឆ្នាំ និងបានឆក់យកជីវិតជនស្លូតត្រង់រាប់ម៉ឺនសែននាក់»៕