(ស្ទឹងត្រែង)៖ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ មានករណីភ្លើងឆេះផ្ទះមួយកន្លែង នៅភូមិកែងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបង្កឡើងដោយបុរសជាម្ចាស់ផ្ទះ។ តាមការអះអាងរបស់សមត្ថកិច្ច ករណីអគ្គិភ័យនេះ បានកើតឡើងដោយសារបុរសជាម្ចាស់ផ្ទះខឹងប្រពន្ធមិនឱ្យដេកជិត នៅពេលដែលខ្លួនស្រវឹងស្រាជោគជាំ ទើបសម្រេចចិត្តដុតផ្ទះខ្លួនឯងតែម្តង។
បើតាមសមត្ថកិច្ចប៉ុស្តិ៍សេកុង បានឱ្យដឹងថា ករណីបំផ្លេចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងនេះ បង្កឡើងបរុសឈ្មោះ ឡត តាន់ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិកែញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នគរបាលប៉ុស្តិ៍សេកុង បានបន្ដថា នៅថ្ងៃកើតហេតុបុរសខាងលើបានដើរផឹកស៊ី ក្នុងស្ថានភាពស្រវឹងស្រាជោគ ពេលត្រឡប់ទៅផ្ទះវិញខថើដេកជាមួយប្រពន្ធតែប្រពន្ធដេញមិនឱ្យដេកក្បែរបែរជាខឹងយកភ្លើងទៅដុតផ្ទះរបស់ខ្លួន ផ្អើលអ្នកភូមិទាំងយប់តែម្តង។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសេកុង បានបន្ថែមថា ផ្ទះដែលប្ដីដុតកម្ទេចចោលខាងលើនោះ មានទំហំ ៥ម៉ែត្រ និងបណ្តោយ ៦ម៉ែត្រធ្វើអំពីឈើប្រកស្បូវបាំងឫស្សី ក្រាលរនាឫបស្សី ត្រូវបានឆេះអស់ទាំងស្រុង។
ក្រោយកើតហេតុអ្នកភូមិបានជួយធ្វើការពន្លត់ដែរ តែមិនអាចពន្លត់បាននោះទេដោយសារភ្លើងឆាបឆេះខ្លាំងពេក ខ្ទេចអស់ទាំងស្រុង។ ដោយឡែកបុរសជាប្ដីខាងលើ ដែលដុតកម្ទេចទ្រព្យសម្បត្តិរបស់ខ្លួនក៏ត្រូវបាននគរបាលប៉ុស្តិ៍សេកុង ហៅទៅធ្វើការសួរនាំផងដែរ៕