(កណ្ដាល)៖ លោក លី សុជាតិ ស្នងការរងនគរបាលខេត្តកណ្ដាល ទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានចុះទៅដល់ទីតាំងស្តុកឈើមួយកន្លែងនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។
ប្រតិបត្តិការចុះនេះប្រព្រឹត្តឡើង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ដោយសហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួល នគរបាលប៉ុស្តិរដ្ឋបាលឃុំជ្រៃលាស់ ដើម្បីធ្វើការត្រួត ពិនិត្យសិប្បកម្មកែច្នៃអនុផលព្រៃឈើដែលមានម្ចាស់សិប្បកម្មមានឈ្មោះ ម៉ែន មករា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។
លោក លី សុជាតិ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា បន្ទាប់ពីជនអនាមិកបានបង្ហោះបង្ខូច មួលបង្កាច់ពាក់ព័ន្ធនឹងករណីពុករលួយលុយចំនួន១៥០០០ដុល្លារ ក្នុងការបើកភ្លើងខៀវ ក្នុងការស្តុកឈើខុសច្បាប់រួចមក លោកបានបដិសេធថាលោកគ្មានពាក់ព័ន្ធនឹងករណីនេះទេ ហើយលោកមិនទាំងស្គាល់ទីតាំងស្តុកឈើនេះផង រហូតដល់ខាងរដ្ឋបាលព្រៃឈើជាអ្នកនាំឱ្យទៅដល់ទីតាំងទើបស្គាល់។
លោកបន្តថា បន្ទាប់ពីបានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងរួចមក កម្លាំងបានរកឃើញថា ម្ចាស់ទីតាំងនេះ មានឯកសារច្បាប់ត្រឹមត្រូវរួមមាន៖
ទី១៖ លិខិតអនុញ្ញាតបង្កើតរោងសិប្បកម្មកែច្នៃឈើអនុផលព្រៃឈើប្រភេទតូច លេខ ០៨ ខ.ល.ព ចុះថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០ ចេញដោយប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
ទី២៖ មានលិខិតអនុញ្ញាតដឹកជញ្ជូនអនុផលព្រៃឈើមានចំនួន០៣ លិខិត លេខ ០៣៩ផរពលដជ លេខ ០៥៩ ផរព និងលេខ០៦០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ និងលេខ ០០១០៣២, ចុះថ្ងៃទី១០/០៦/២០២០ ដឹកឈើអារលេខ១។ ចំនួនឈើ១៧.០១២ម៉ែត្រត្រីគុណ, ចំនួនឈើ ១៨.១៩២ ម៉ែត្រត្រីគុណ, ចំនួនឈើ២០.៦៦៥ ម៉ែត្រត្រីគុណ សរុប៥៥,៨៦៩ម៉ែត្រគូប។
ទី៣៖ មានសៀវភៅតាមដានចរាចរណ៍ផល អនុផលព្រៃឈើ។ បន្ទាប់មកក្រុមការងារ បានធ្វើការត្រួតពិនិត្យវាស់វែងជាក់ស្ដែង ឃើញថាឈើនៅក្នុងសិប្បកម្មមានចំនួនដូចក្នុងឯកសារច្បាប់ពិតប្រាកដមែន។
គួរជម្រាបជូនថា បន្ទាប់ពីជនអនាមិកបានបង្ហោះព័ត៌មានក្លែងក្លាយលើបណ្ដាញសង្គមពាក់ព័ន្ធនឹងករណីនេះរួចមក លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចេញមកច្រានចោលព័ត៌មានមួយ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook ថា ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាល បើកភ្លើងខៀវយកលុយ ១៥,០០០ដុល្លារ ដើម្បីនាំឈើមកស្តុក នៅឃ្លាំងក្នុងស្រុកពញ្ញាឮ។
ការចេញមកច្រានចោលព័ត៌មាននេះ បន្ទាប់ពីមានគណនី Facebook ឈ្មោះ «បុត្រា នាគ» បានសរសេរបង្ហោះតាមបណ្ដាញសង្គមថា «ប៉ូលិសសេដ្ឋកិច្ចខេត្តកណ្តាល បើកភ្លើងខៀវយកលុយ១៥,០០០$ ដើម្បីនាំឈើមកស្តុក នៅឃ្លាំងក្នុងស្រុកពញ្ញាឮ។ ថ្មីៗនេះមានសេចក្តីរាយការណ៍មួយបានប្រាប់ថា នៅវេលាម៉ោង១១៖៤៥យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ អ្នករកស៉ីបទល្មើសព្រៃឈើ បាននាំឈើមកទុកនៅឃ្លាំងក្នុងស្ថិតនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល»។
ថ្លែងសាតាមរយៈ Facebook របស់ខ្លួន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នោះគឺជាព័ត៌មានមិនពិតនោះទេ»។
លោកឧត្តមសេនីយ៍ត្រីស្នងការខេត្ត បានឱ្យដឹងទៀតថា ចំពោះករណីនេះ ខាងម្ចាស់សិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូចមានច្បាប់អនុញ្ញាតពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រឹមត្រូវ ដែលមានម្ចាស់សិប្បកម្មឈ្មោះ ម៉ែន មករា និងលិខិតអនុញ្ញាត ឲ្យបង្កើតរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូច លេខ០៨ ខរព/កណ/SFH/P ទីតាំងស្ថិតនៅភូមិ តាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល៕