(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាបាលខេត្តរតនគិរី បានសហការជាមួយសាលាក្រុងបានលុង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី រៀបចំប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា» ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ពិធីនេះប្រព្រឹត្តឡើងក្រោមវត្តមាន លោក ថង សាវុន អភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាង អង្គការជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះដែរ លោក ថង សាវុន បានលើកឡើងថា ទិវានេះប្រារព្ធធ្វើឡើង ក្នុងគោលបំណងសម្ដែងក្តីបារម្ភចំពោះការបាត់បង់ជីវៈចម្រុះនៅកម្ពុជា និងស្ដារជីវចម្រុះឡើងវិញ ហើយបំផុសស្មារតីលើកទឹកចិត្តដល់សាធារណជនឱ្យអភិវឌ្ឍសកម្មភាពមេត្រីភាពបរិស្ថានរួមគ្នា ដើម្បីទីក្រុងមានសោភ័ណភាពល្អមូលដ្ឋានស្អាតអនាម័យ បរិស្ថាន និងពង្រឹងការចូលរួមទប់ស្កាត់ការទន្ទ្រានដីព្រៃខុសច្បាប់ ក៏ដូចជាបទល្មើសបំផ្លាញធនធានធម្មជាតិ និងពង្រឹងការយកចិត្តទុកដាក់ថែទាំ នូវសម្បត្តិធម្មជាតិ ការយល់ដឹងពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ដើម្បីការរស់នៅដោយចីរភាព។
ទន្ទឹមនោះដែរលោក ក៏បានក្រើនរម្លឹកដល់សាធារណជនឱ្យចេះស្រឡាញ់បរិស្ថាន ស្រឡាញ់សត្វស្លាប និងអភិរក្សសត្វស្លាបព្រោះនៅក្នុង ក្រុងបានលុង មានបឹង ២កន្លែង គឺបឹងកំសាន្ត និងបឹងកន្សែង ហើយឱ្យចេះការពារសត្វស្លាបទាំងនោះ ដើម្បីជាការមិនបំផ្លាញធនធានធម្មជាតិ មិនបំផ្លាញសត្វស្លាបមិនបំផ្លាញសត្វព្រៃជាដើម។
លោក ថង សាវុន ក៏បានចូលរួមដាំដើមឈើជានិមិត្តរូប ដើម្បីបំផុសឱ្យប្រជាពលរដ្ឋចេះថែទាំនូវធនធានធម្មជាតិហើយលើកកម្ពស់សោភ័ណភាពទីក្រុង ឱ្យមានពណ៌បៃតងកើតឡើងនៃទឹកដីភូមិភាគឦសានយើងនេះ៕