(បាត់ដំបង)៖ ដើមឫស្សី គឺជារុក្ខជាតិមួយផ្នែកអាចធ្វើឱ្យប្រជាកសិករយើងយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ក្នុងលំនៅឋានក៏ដូចផ្នែកកសិកម្ម និងយកទៅលំអរតាមបណ្ដាភោជនីយដ្ឋានជាដើម។ យ៉ាងណាមិញគ្រួសារកសិករមួយគ្រួសារ នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រកចំណូលបាន ៩,០០០ដុល្លារ ក្នុងឆ្នាំ ពីឫស្សីផ្អែម។
កសិករដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន បានឱ្យដឹងថា លោកបានដាំឫស្សីនេះ នៅឆ្នាំ២០១៥ លើផ្ទៃដីទំហំ បច្ចុប្បន្នកើនឡើងចំនួន ៣ហិកតា ហើយលោកនឹងគ្រោងពង្រីកបន្ថែមនាពេលអនាគត។ អាជីវកម្មដែលកំពុងធ្វើការដាំដុះដំណាំឫស្សីនេះគឺ៖ បណ្តុះកូនឫស្សី និងជីកទំពាំងលក់ និងលក់ដើមប្ញស្សី។
តាមការបញ្ជាក់ របស់លោក លី រិន ថា ចំពោះកូនឫស្សី ១ដើម/៣០០០រៀល ទំពាំង ១គីឡូក្រាម មានតម្លៃ២៥០០រៀល ឫស្សី ១ដើម មានតម្លៃ ៣,០០០រៀល ហើយរៀងរាល់ ៥ថ្ងៃប្រមូលទំពាំងម្តង ជាមធ្យមក្នុងមួយលើកប្រមូលទំពាំងបាន ១,៤០០គីឡូក្រាម ក្នុង ១ហិកតា។ សរុបកាលពីឆ្នាំ២០១៩ គាត់ប្រមូលចំណូលបានជាង ៩,០០០ដុល្លារ។
ការបញ្ជាក់ឱ្យដឹងបែបនេះ របស់កសិករ ដាំឫស្សីផ្អែមនេះ បានធ្វើឡើងនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ នាឱកាសដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ដោយផ្ទាល់។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានសួរនាំលោក លី វិន អំពីទីផ្សារ លទ្ធភាពធ្វើការកែច្នៃនៅពេលរដូវចុះថោក ពង្រីកផ្ទៃដីដាំបន្ថែម ជួយណែនាំ និងចែករំលែកអំពីបច្ចេកទេស និងបទពិសោធន៍ដល់អ្នកចង់ដាំឫស្សីផ្អែមនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានអំពាវនាវឱ្យប្រជាសហគមន៍ព្រៃឈើដាំឫស្សីផ្អែមនេះ ពីព្រោះជាដំណាំងាយដាំដុះ ឆាប់ឱ្យផល មានអាយុវែង បានផលទាំងដើម ទំពាំង និងកូនទៀតផង បើយើងដាំបានផលឫស្សីនេះនឹងជួយបង្កើនកម្រិតជីវភាពរបស់ប្រជាសហគមន៍ព្រៃ ឈើបានល្អប្រសើរ ដោយមិនចាំបាច់ទៅពឹងផ្អែកលើផល និងអនុផលព្រៃឈើទាំងស្រុងនោះទេ៕