(ប៉ៃលិន)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញមកជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសហគមន៍មៀនប៉ៃលិន ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាទីផ្សារដែលសហគមន៍ បាននឹងកំពុងជួបប្រទះ។
ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងបងប្អូនសមាជិកសហគមន៍ប្រមាណ ១៥០នាក់។
លោក ផាន់ ចាន់ធុល អភិបាលខេត្ត បានអានរបាយការណ៍ជូនរដ្ឋមន្ត្រី និងភ្ញៀវបានជ្រាបដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្ត រដ្ឋបាល សន្តិសុខ សុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងការងារកសិកម្ម ជាពិសេសកសិផលជាច្រើនប្រភេទដែលខេត្តប៉ៃលិន មានលទ្ធភាពផលិតបានក្នុងនោះមាន ពោតក្រហម ដំឡូងមី សណ្តែកសៀង មៀនប៉ៃលិន មៀនក្រអូប ស្វាយ ក្រូចពោធិសាត់ សាវម៉ាវ ទុរេន ខ្នុរ ទៀប ត្របែក និងកៅស៊ូ លើផ្ទៃដីសរុប ៦៩,២៤៦ហិកតា។
ទាក់ទងនឹងប្រធានបទខាងលើ លោកអភិបាលខេត្ត បានរំលេចពីបញ្ហានៃការនាំចេញកសិផលរបស់ខេត្តទៅកាន់ទីផ្សារថៃមានដំឡូងមី ពោត ក្រហម និងមៀនប៉ៃលិន កំពុងកកស្ទះដោយសាររបាំងបច្ចេកទេសនៃប្រទេសនាំចូល។ លោកបានលើកឡើងថា បច្ចុប្បន្នខេត្ត ក៏ដូចជាវិនិយោគិនខ្វះទុនសម្រាប់សាងសង់រោងចក្រកែច្នៃជាផលិតផលសម្រេច រោងសម្ងួត វេចខ្ចប់ និងឃ្លាំងស្តុក។ល។ ដែលកិច្ចការនេះទាមទារការវិនិយោគ ដើម្បីជួយជំរុញកសិផលរបស់ខេត្តមានទីផ្សារទាំងផលិតផលស្រស់ និងកែច្នៃ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកអភិបាលខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងដឹកនាំគ្រប់គ្រង និងអភិវឌ្ឍទឹកដីខេត្តប៉ៃលិន ធ្វើឱ្យខេត្តនេះមានការវិវឌ្ឍន៍រីក ចម្រើនគួរជាទីមោទន។ ជាភស្តុតាង ដំណាំកសិ-ឧស្សាហកម្ម ផ្ទៃដី និងទិន្នផលមានការកើនឡើងជាបន្តបន្ទាប់ រហូតឈានទៅផលិតលើសពីសេចក្តីត្រូវការក្នុងស្រុក និងទាមទារធ្វើការនាំចេញ។ ពិតណាស់ ទីផ្សារនាំចេញនេះហើយ គឺជាប្រធានបទដែលត្រូវលើកយកមកពិភាក្សាគ្នា ធ្វើយ៉ាង ណាដោះស្រាយបញ្ហាកកស្ទះកសិផលរបស់បងប្អូនដែលកំពុងប្រឈមនាពេលនេះ។
លោក វេង សាខុន ក៏បានជម្រាបជូនសមាជិកសហគមន៍មៀនប៉ៃលិន ថាក្រសួងដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាទិការកំពុងពុះពារជំរុញ និងចរចារជាមួយភាគីចិនយ៉ាងយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសំខាន់ៗដែលភាគីនាំចេញ (កម្ពុជា) ត្រូវបំពេញឱ្យខាងតែបាន។ ថ្មីៗនេះ ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថាករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយសង្ឃឹមថាឯកសារសំណើនេះនឹងត្រូវបានអនុម័តក្រោយពេលពិធីសារនាំចេញស្វាយស្រស់កម្ពុជា ដែលបានផ្លាស់ប្តូររវាងភាគីទាំងពីរកាល ពីសប្តាហ៍មុនអនុវត្តបានរលូនជាមុនសិន។
ដើម្បីបំពេញលក្ខខណ្ឌតម្រូវរបស់ភាគីចិន លោក វេង សាខុន ក៏បានជម្រាបជូនបងប្អូនសមាជិកសហគមន៍មៀនប៉ៃលិនដោយសង្ខេបអំពីការងារបច្ចេកទេសរួមមានការងារដាំដុះ ថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំពុលកសិកម្ម សម្រាប់កម្ចាត់សត្វល្អិត បច្ចេកទេសក្រោយពេលប្រមូលផល ជាពិសេសការអនុវត្តកសិកម្មល្អ (Good Agricultural Practices, GAP) នៅនឹងចម្ការផ្ទាល់ និងការអនុវត្តកន្លែងកែច្នៃល្អ (Good Manufacturing Practices, GMP) តែម្តង។
ដើម្បីឱ្យសមាជិកសហគមន៍កាន់តែយល់ច្បាស់អំពីការងារបច្ចេកទេស លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីជំនាញបច្ចេកទេសនៅបន្តពន្យល់ និងបកស្រាយការងារបច្ចេកទេសទាក់ទងនឹងលក្ខខណ្ឌតម្រូវ ដើម្បីនាំចេញកសិផលជាទូទៅ និងដោយឡែកផលិតផលមៀនប៉ៃលិននេះ។
តាមការណ៍របស់ប្រធានសហគមន៍មៀនខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្នមៀនប៉ៃលិន មានផ្ទៃដីដាំដុះសរុបទូទាំងខេត្តប្រមាណជាង ៣,២៥០ហិកតា បានផ្តល់ទិន្នផលបានជាង ៣២,៥០០តោន ក្នុង១ឆ្នាំ ដែលផលិតកម្មមួយនេះ បានបង្កើតការងារជូនប្រជាជននៅមូលដ្ឋានបានរាប់ពាន់នាក់។ ក្រៅពីលក់មៀនស្រស់ សហគមន៍ក៏មានរៀបចំខ្សែច្រវាក់ផលិតកម្មកែច្នៃជាលក្ខណតូច និងមធ្យមផងដែរ។
បច្ចុប្បន្ននេះ សហគមន៍បាននិងកំពុងជួបប្រទះបញ្ហាសំខាន់ៗ ដែលសហគមន៍បានស្នើសុំដល់ លោករដ្ឋមន្ត្រី និងស្ថាប័នពាក់ព័ន្ធមេត្តាជួយអន្តរាគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងនោះមានជាអាទិ៍៖
ទី១៖ ការលំបាកក្នុងការនាំចេញផលិតផលមៀនប៉ៃលិនកម្ពុជា ទៅកាន់ទីផ្សារបរទេស
ទី២៖ នីតិវិធីក្នុងការចុះបញ្ជីចំការមៀនឱ្យស្របតាមគោលការណ៍ នៃការអនុវត្តកសិកម្មល្អ
ទី៣៖ នីតិវិធីស្នើសុំបញ្ជាក់គុណភាព ISO
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១៩ នៅទូទាំងប្រទេសផ្ទៃដីដាំមៀនប៉ៃលិន មានចំនួន ៨,៩២៥ ហិកតា និងទិន្នផលទទួលបាន ៨៩,២៥៧ ហិកតា៕