(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក ប្រាក់ សូវណ្ណ អភិបាលខេត្តព្រះវិហារ បានដឹកនាំនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នាំកូនឈើគ្រប់ប្រភេទចំនួន ៥០០០ដើម មកដាំនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
ការដាំកូនឈើនេះ ដើម្បីចូលរួមចំណែកក្នុងការកសាងគម្របព្រៃឈើទប់ស្កាត់បម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ឱ្យមានការចូលរួមដាំដើមឈើពីសំណាក់មហាជនបន្ថែមទៀត ក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម បន្តដង្ហើមផែនដី»។
ឧទ្យានជាតិនេះមានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ និងបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ហើយមានតំបន់ជីវចម្រុះ និងមានសក្កដានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ បានយ៉ាងប្រសើរ។
ជាមួយទិសដៅដាំដើមឈើ ១លានដើម រាជបណ្ឌិតសភាកម្ពុជា បានសាងសង់ថ្នាលបណ្តុះបណ្តាលកូនឈើមួយកន្លែង ដែលស្របតាមបទដ្ឋានបច្ចេកទេស ហើយថ្នាលនេះ មានទំហំ៣០ម៉ែត្រគុណ៥០ម៉ែត្រ ដែលអាចបណ្តុះកូនឈើបានពី ៦ម៉ឺន ៥ពាន់ ទៅ ៧ម៉ឺនដើម។ ក្នុងរយៈពេល២ខែមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានដាំកូនឈើបានចំនួន ១២,០០០ដើម ដោយបំផុសឱ្យមានការចូលរួមពីប្រជាពលរដ្ឋនៅតំបន់ជុំវិញ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត។ល៕